ឥណ្ឌា ដកពន្ធលើការនាំចូលគ្រឿងបន្លាស់ស្មាតហ្វូនមួយចំនួន ដើម្បី​ជំរុញ​កំណើន Apple និង Xiaomi

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌា លោកស្រី Nirmala Sitharaman បានប្រកាសនៅក្នុងកម្មវិធីដាក់ចេញកញ្ចប់ថវិកាប្រចាំឆ្នាំ កាលពីពេលថ្មីៗនេះថា ប្រទេសឥណ្ឌា បានសម្រេចដកពន្ធលើការនាំចូលសមាសធាតុសំខាន់ៗមួយចំនួនសម្រាប់ការផលិតស្មាតហ្វូន ក្នុងគោលបំណងជំរុញផលិតកម្មក្នុងស្រុក និងផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនលេចធ្លោដូចជា Apple និង Xiaomi ជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង ចំពេលដែលផលិតកម្មអេឡិចត្រូនិករបស់ប្រទេសឥណ្ឌា បានកើនឡើងទ្វេដងក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ ដល់ចំនួនទឹកប្រាក់ប្រមាណ ១១៥ពាន់លានដុល្លារ គិតនៅក្នុងឆ្នាំ២០២៤ កន្លងទៅ ខណ:ចំនួននេះ បានធ្វើឲ្យឥណ្ឌា ឥឡូវនេះក្លាយជាកន្លែងផលិតទូរសព្ទធំជាងគេបំផុតទីពីររបស់ពិភពលោក ផងដែរ។

យោងតាមក្រុមហ៊ុនស្រាវជ្រាវ Counterpoint បានឲ្យដឹងថា ក្រុមហ៊ុន Apple បាននាំមុខទីផ្សារស្មាតហ្វូនរបស់ប្រទេសឥណ្ឌា ជាមួយនឹងចំណែក ២៣% នៅក្នុងប្រាក់ចំណូលសរុបក្នុងកំឡុងឆ្នាំ២០២៤ និងតាមពីក្រោយដោយក្រុមហ៊ុន Samsung ដែលមានចំណែកទីផ្សារ ២២% ។

យ៉ាងណាមិញ​ជុំវិញការកាត់បន្ថយពន្ធនេះត្រូវបានគេរំពឹងទុកថា នឹងជួយឲ្យប្រទេសឥណ្ឌា អាចទប់ទល់នឹងការរំខានដ៏មានសក្តានុពលនៃសង្គ្រាមពាណិជ្ជកម្មពិភពលោក ដោយសារតែមានការគម្រាមកំហែងលើផ្នែកពន្ធគយដែលត្រូវបានដាក់ចេញដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

ជម្រាបជូនផងដែរថា ការដកពន្ធលើការនាំចូលនេះ នឹងរួមបញ្ចូលទាំងសមាសធាតុសម្រាប់ដំឡើងទូរសព្ទចល័តដូចជា ការផ្គុំបន្ទះសៀគ្វី ផ្នែកនៃម៉ូឌុលកាមេរ៉ា និងខ្សែ USB ដែលពីមុនតម្រូវឲ្យបង់ពន្ធប្រមាណ២,៥%។ ជាមួយគ្នានេះ លោកស្រី Sitharaman ធ្លាប់បានប្រកាសនៅក្នុងកម្មវិធីដាក់ចេញកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៤ កន្លងទៅថា រដ្ឋាភិបាលឥណ្ឌា នឹងពិនិត្យឡើងវិញនៃរចនាសម្ព័ន្ធអត្រាពន្ធគយរបស់ប្រទេសខ្លួន ដើម្បីធ្វើឲ្យមានហេតុផល និងសម្រួលពន្ធសម្រាប់ភាពងាយស្រួលនៃពាណិជ្ជកម្ម៕