ក្រសួងប្រៃសណីយ៍ ប្រាប់ពីវិធីសាស្រ្តការពារខ្លួនពីការឆបោកតាម AI

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានជូនដំណឹងពីវិធីសាស្ត្រការពារខ្លួនពីឧបាយកលឆបោកដោយការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ក្នុងការបោកប្រាស់ តាមប្រព័ន្ធទូរសព្ទ ក៏ដូចជាប្រព័ន្ធទូរគមនាគមន៍ផ្សេងៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ស្របពេលដែលបច្ចេកវិទ្យាកំពុងអភិវឌ្ឍឥតឈប់ឈរ ការឆបោកកាន់តែមានច្រើនដែលជាបញ្ហាសកលកំពុងកើនឡើងគួរឱ្យកត់សម្គាល់។ ថ្មីៗនេះ ក្រុមឆបោកបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការបោកប្រាស់ តាមប្រព័ន្ធទូរសព្ទ ក៏ដូចជាប្រព័ន្ធទូរគមនាគមន៍ផ្សេងៗ ដើម្បីឱ្យអ្នកផ្ទេរប្រាក់ឬចែករំលែកទិន្នន័យសំខាន់ៗមួយចំនួន ដោយក្លែងបន្លំជាការសន្ទនាសំឡេង រូបភាព ឬវីដេអូដែលមានមុខមាត់ពិតរបស់សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា ដែលធ្វើឱ្យមានការពិបាកក្នុងការកំណត់អត្តសញ្ញាណថាពិត ឬក្លែងក្លាយ។

ក្រសួងប្រៃសណីយ៍ បានបន្តថា ឧបាយកលឆបោកតាមរយៈការក្លែងបន្លំជាសំឡេង រូបភាព ឬវីដេអូរបស់សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា មានទម្រង់ ដូចជា៖

១,ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតជាការសន្ទនាសំឡេង  រូបភាព ឬវីដេអូ ដែលសឹងតែដូចទាំងស្រុងនឹងម្ចាស់ដើម មានលក្ខណៈស្វ័យប្រវត្តិ និងពិបាកសម្គាល់ថាពិតឬក្លែងក្លាយ ដែលធ្វើឱ្យអ្នកងាយនឹងចាញ់បោក និងធ្លាក់ចូលក្នុងឧបាយកលរបស់ជនទុច្ចរិត បើសិនមិនបានពិនិត្យ និងផ្ទៀងផ្ទាត់ច្បាស់លាស់

២,ការទាមទារ ស្នើសុំ ឬខ្ចីប្រាក់ ដែលតម្រូវឱ្យអ្នកផ្ទេរប្រាក់តាមប្រព័ន្ធអនឡាញតែម្តង

៣,ការស្នើសុំឱ្យចែករំលែកទិន្នន័យផ្ទាល់ខ្លួន ជាអាទិ៍ លេខកូដសម្ងាត់គណនីធនាគារ លេខកូដបណ្តាញទំនាក់ទំនងសង្គម លេខកូដផ្ទៀងផ្ទាត់ ឬព័ត៌មានសំខាន់ផ្សេងៗ។

ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ ក៏បានប្រាប់ពីវិធីសាស្រ្តការពារខ្លួនពីការឆបោកនេះផងដែរ រួមមាន៖

១,ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គលនោះឱ្យបានច្បាស់លាស់ ដោយពិនិត្យលេខទូរសព្ទ ឬរូបភាពគណនី និងតម្រូវឱ្យបុគ្គលនោះបើកកាមេរ៉ាវីដេអូបង្ហាញមុខភ្លាមៗ

២,ពិនិត្យផ្ទៀងផ្ទាត់អាកប្បកិរិយារបស់បុគ្គលនោះថា ដូចប្រក្រតី ឬប្លែកពីអ្នកដែលយើងស្គាល់

៣,សួរសំណួរផ្ទាល់ខ្លួន ឬសកម្មភាពដែលបានទាក់ទងគ្នាចុងក្រោយដែលគិតថាត្រូវតែដឹង

៤,បង្កើនការប្រុងប្រយ័ត្នចំពោះការចែករំលែកព័ត៌មាន សំឡេង រូបភាព ឬវីដេអូ របស់អ្នកជាសាធារណៈ ព្រោះវាអាចឱ្យជនខិលខូចយកមាតិកាទាំងនោះទៅក្លែងបន្លំជាអ្នក ដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗ និង

៤,មិនត្រូវផ្ដល់ទិន្នន័យផ្ទាល់ខ្លួន ជាអាទិ៍ លេខកូដសម្ងាត់គណនីធនាគារ លេខកូដបណ្តាញទំនាក់ទំនងសង្គម លេខកូដផ្ទៀងផ្ទាត់ ឬព័ត៌មានសំខាន់ផ្សេងៗ ទៅជនដែលសង្ស័យ ជាដាច់ខាត៕