អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ ជួបជុំអាហារសាមគ្គីជាមួយសមាជិកឈរលើឆន្ទៈតែមួយ តម្កល់ផលប្រយោជន៍ជាតិជាធំ

ជុំវិញ​ឧកញ៉ា

«យុវជនបូជាការពារយុត្តិធម៌» បានរៀបចំកម្មវិធីជួបជុំដ៏ធំប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ អនុប្រធាន សមាជិក សមាជិកា កាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។ កម្មវិធីជួបជុំសមាជិកដ៏ធំនេះ គឺដើម្បីជាការដាស់ស្មារតីប្រជាពលរដ្ឋ ពិសេសយុវជនជំនាន់ក្រោយឱ្យចេះស្រឡាញ់សន្តិភាព ការពារសន្តិភាព និងស្អប់ខ្ពើមភ្លើងសង្គ្រាមហើយបញ្ចៀសកុំឱ្យប្រវត្តិសាស្ត្រច្រំដែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅចំពោះមុខសមាជិក សមាជិកា នាឱកាសនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ បានថ្លែងដោយការពន្លឺសំឡេងជយឃោសសម្តែងនូវការ«អរគុណសន្តិភាព, អរគុណសម្តេចតេជោដែលស្វែងរកសន្តិភាព អរគុណសម្តេចបវរធិបតីដែលបន្តការពារសន្តិភាព សន្តិភាពជារនាំងការពារជីវិតរបស់យើងទាំងអស់គ្នា»។

អ្នកឧកញ៉ាប្រធានយុវជនបូជាការពារយុត្តិធម៌ បានថ្លែងថា ថ្ងៃនេះគឺជាថ្ងៃដែលជួបជុំគ្នាដំបូងបន្ទាប់ពីផ្តួចផ្តើមក្រុមយុវជនបូជាការពារយុត្តិធម៌ ដែលមានបេសកកម្មចូលរួមកសាងនូវអំពើល្អ ខិតខំកសាងបុណ្យកុសលរួមគ្នា ជួយគ្នាជ្រោមជ្រែងគ្នា មិនថាបងប្អូនយើងមានការលំបាក ឬមានបញ្ហាអ្វីមួយគឺយើងចូលរួមជួយគ្នា ប៉ុន្តែសូមកុំធ្វើរឿងដែលខុសច្បាប់។

អ្នកឧកញ៉ាមានប្រសាសន៍ថា៖ «នៅពេលដែលបងប្អូនមានផលវិបាកអ្វីផ្សេងៗ ក្នុងនាមខ្ញុំបាទជាប្រធានយុវជនបូជាការពារយុត្តិធម៌ ក៏ដូចជាបងប្អូនអនុប្រធានទាំងអស់នឹងរកដំណោះស្រាយ ដើម្បីចូលរួមជួយគ្នា ដោយចាត់ទុកជាបងប្អូន និងជាគ្រួសារតែមួយ»។

អ្នកឧកញ៉ាមានប្រសាសន៍បន្តថា ចាប់ពីថ្ងៃនេះតទៅក្រុមយុវជនបូជាការពារយុត្តិធម៌ ត្រូវខិតខំកសាងនូវអំពើល្អជាមួយគ្នា ទោះធ្វើតិច ឬធ្វើច្រើន តែត្រូវខំធ្វើជាមួយគ្នា។ កន្លងទៅ រយៈពេលប៉ុន្មានខែមកនេះ ឃើញប្រធានក្រុមទាំងអស់តែងតែបានចុះចេញជួយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងលំបាក ក្នុងបុព្វហេតុការងារមនុស្សធម៌។ ការណ៍នេះ អ្នកឧកញ៉ាថ្លែងបញ្ជាក់ថា ការចូលរួមជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ក្នុងនាមយើងជាជនជាតិខ្មែរ យើងសញ្ជាតិតែមួយ យើងត្រូវចេះស្រឡាញ់គ្នា យើងត្រូវចេះឱបក្រសោបគ្នា ពេលមានទុក្ខលំបាកយើងខិតខំក្នុងការជួយ ទោះបីយើងមិនអាចជួយសម្រាលទុក្ខបានទាំងស្រុងក៏ដោយ តែយើងត្រូវតែខិតខំជួយគ្នា មានតែការសាមគ្គីគ្នា ការយកចិត្តទុកដាក់ជួយគ្នាទើបយើងអាចបន្តដំណើរទៅមុខជាមួយគ្នាបាន។

អ្នកឧកញ៉ាសង្កត់ធ្ងន់ថា៖ «កម្ពុជាយើងកំសត់ណាស់ ៤០០ – ៥០០ ឆ្នាំចុងក្រោយនេះ កម្ពុជាមិនដែលមានសន្តិភាពរយៈពេលវែងនោះទេ មានតែការកាប់សម្លាប់គ្នា ការដណ្តើមអំណាចគ្នា រហូតដល់ចុងក្រោយជំនាន់ ប៉ុល ពត យើងបាត់បង់ជីវិតប្រជាជនខ្មែរអស់ជាច្រើនលាន»។ ទន្ទឹនគ្នានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងគូសបញ្ជាក់ថា៖ «ខ្ញុំមិនមែនជាអ្នកនយោបាយទេ ប៉ុន្តែខ្ញុំត្រូវតែចូលរួមជួយជាតិរបស់ខ្ញុំ បើសិនជាគ្មានជាតិ ក៏គ្មានអាជីវកម្មរបស់ខ្ញុំ ក៏គ្មានជីវិតខ្ញុំដែរ»។

អ្នកឧកញ៉ាប្រធានយុវជនបូជាការពារយុត្តិធម៌ បានអំពាវនាវយ៉ាងដូច្នេះថា ក្នុងនាមយើងជាយុវជនជំនាន់ក្រោយ យើងត្រូវតែចូលរួមក្នុងការការពារជាតិ មិនបណ្តោយឲ្យគេបន្តញ៉ុះញ៉ង់ លាបពណ៌ធ្វើឲ្យយើងស្អប់គ្នា ធ្វើឲ្យយើងកាប់សម្លាប់គ្នា ទីបំផុតអ្នកដែលស្លាប់គឺយើងទាំងអស់គ្នា។ យើងមិនចង់ត្រឡប់ទៅរកអតីតកាលយើងវិញទេ ទោះបីថាបងប្អូនទាំងអស់គ្នាមួយចំនួនមិនធ្លាប់ជួបហេតុការណ៍នឹង ប៉ុន្តែឯកសារពិតប្រាកដយើងមាន។

លើសពីនេះ អ្នកឧកញ៉ាថ្លែងបញ្ជាក់ថា «កម្ពុជា បើគ្មានក្រុមគ្រួសារត្រកូល«ហ៊ុន» បើគ្មានឥស្សរជនជាន់ខ្ពស់ទាំងអស់ចូលរួមរំដោះជាតិម្លេះខ្មែរយើងដាច់ពូជបាត់ទៅហើយ…! អ្នកឧកញ៉ាអះអាងថា សម្ដេចតេជោ បានរំដោះជាតិ យើងបាត់បង់អាយុជីវិតអស់រាប់លាននាក់ ហើយយើងសល់ប៉ុន្មានលាននាក់ដែលសម្តេចតេជោ លោកបានដឹកនាំសង្គ្រោះជាតិជាមួយនឹងឥស្សរជនជាន់ខ្ពស់ផ្សេងទៀត បច្ចុប្បន្នលោកមានព្រះជន្មច្រើន ហើយឥស្សរជនទាំងអស់លោកក៏មានព្រះជន្មច្រើន។

អ្នកឧកញ៉ាប្រធានយុវជនបូជាការពារយុត្តិធម៌មានប្រសាសន៍ទៀតថា៖ «យើងជាយុវជនជំនាន់ក្រោយ យើងចូលរួមជឿជាក់លើកម្ពុជា ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាយើង ដើម្បីបន្តដឹកនាំទៅមុខ ដើម្បីរស់ជាមួយគ្នា ដើម្បីអនាគតជាមួយគ្នា។ យើងមិនលោភលន់ យើងមិនត្រូវការអ្វីដែលមិនមែនជាកម្លាំងញើសឈាមរបស់យើង តែយើងត្រូវតែរួមគ្នា យើងមានកម្លាំង យើងរួមកម្លាំង យើងមានថវិកា យើងរួមថវិកា យើងមានចំណេះដឹង យើងរួមចំណេះដឹង ដើម្បីចូលរួមការពារជាតិយើងឲ្យបាន។ កម្ពុជា…! ជារបស់យើងទាំងអស់គ្នា យើងមិនត្រូវបែកបាក់គ្នាដោយសារការញ៉ុះញ៉ង់របស់ជនបរទេស ជាពិសេស គឺជនឧទ្ទាមក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលគាត់មានគំនិតទុច្ចរិតដែលចង់បំបាលបំបោដើម្បីលាភពណ៌ និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ដូច្នេះយើងត្រូវតែការពារឲ្យបានជាដាច់ខាន»។

សូមជម្រាបថា នៅក្នុងកម្មវិធីជួបជុំ «យុវជនបូជាការពារយុត្តិធម៌» ដែលសុទ្ធសឹងតែជាយុវជន សិល្បករ និងមហាជនដែលជាអ្នកស្រឡាញ់សន្តិភាព ប្តេជ្ញាការពារសន្តិភាព ក៏មានការច្រៀងរួមគ្នាដើម្បីទុកជាសិក្ខីភាពជាបងប្អូនមិនមែនរួមផ្ទៃតែមួយ ប៉ុន្តែរស់ក្រោមដំបូរសន្តិភាពកម្ពុជាតែមួយ ទុកជាអនុស្សាវរីយ៍ក្នុងបុព្វហេតុនៃស្មារតីស្រឡាញ់ជាតិមាតុភូមិ៕