ឧកញ៉ា ច័ន្ទ តារា បង្ហាញគម្រោងបង្កើតរោងចក្រផលិតសាច់មាន់នៅកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ច័ន្ទ តារា អគ្គនាយកក្រុមហ៊ុន លីហ្វ៊ូដ បានបង្ហាញអំពីគម្រោងក្នុងការវិនិយោគបង្កើតរោងចក្រផលិតសាច់មាន់នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហាញពីគម្រោងរបស់លោកឧកញ៉ានៅក្នុងជំនួបជាមួយលោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្នាក់ការកណ្ដាលធនាគារ ARDB។

ក្នុងឱកាសនេះ លោក កៅ ថាច បានធ្វើការផ្លាស់ប្តូរយោបល់និងផ្តល់នូវអនុសាសន៍មួយចំនួនដល់ ក្រុមហ៊ុន លីហ្វ៊ូដ និងសូមឱ្យក្រុមហ៊ុនរបស់លោកឧកញ៉ា ច័ន្ទ តារា ធ្វើយ៉ាងណាដើម្បីសហការផលិតជាមួយកសិដ្ឋានចិញ្ចឹមមាន់ក្នុងស្រុក និងផ្គត់ផ្គង់ជូនប្រជាពលរដ្ឋកម្ពុជានូវសាច់មាន់ដែលប្រកបដោយគុណភាព អនាម័យ និងតម្លៃសមរម្យដែលអាចធ្វើទៅបាន ថែមទាំងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ស្របតាមចក្ខុវិស័យរបស់ធនាគារ ARDB និងក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលផ្តោតសំខាន់ក្នុងការលើកកម្ពស់ផលិតផលកសិកម្ម។

សូមបញ្ជាក់ថា ក្រុមហ៊ុន លីហ្វ៊ូដ បានបើកដំណើរការតាំងពីឆ្នាំ ២០១០ ហើយក៏ជាក្រុមហ៊ុនដែលនាំមុខគេមួយក្នុងចំណោមក្រុមហ៊ុនធំៗដែលនាំចូល និងចែកចាយក្នុងវិស័យម្ហូបអាហារ។

ឧកញ៉ា ច័ន្ទ តារា ជាឧកញ៉ាមួយរូបដែលមានមុខជំនួញជាច្រើននៅក្នុងដៃ ក្នុងនោះលោកក៏ជាអគ្គនាយក ផ្សារ ​ហ្វេនប៊ី ផងដែរ។ ដោយផ្សារ ហ្វេនប៊ី ជាផ្សារមួយដែលមានផ្គត់ផ្គង់ជាពិសេសទៅលើសាច់ ដែលមានដូចជា សាច់គោមកពីសហរដ្ឋអាមេរិក ញូហ្សេលឡែន អូស្រ្តាលី ប្រេស៊ីលជាដើម៕