ភ្នំពេញ៖ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាស្តីពីទំនាក់ទំនងអន្តរកម្មនិងផលប៉ះពាល់នៃការវិនិយោគ លើបរិស្ថាន សង្គម និងការគ្រប់គ្រង (ESG) លើសេដ្ឋកិច្ចគ្មានឧស្ម័នពុល (Zero Economy) ក្នុងក្របខណ្ឌអាស៊ាននិងសិង្ហបុរី នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (IBS) រាជធានីភ្នំពេញ។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិក និងនិស្សិតសរុបប្រមាណជាង៣០០ រូប។ បទឧទ្ទេសនាមនេះត្រូវបានធ្វើឡើងដោយ លោក Shandre Mugan Thangavelu ប្រធានវិទ្យាស្ថាន Jeffrey Cheah Institute for Southeast Asia នៃសាកលវិទ្យាល័យ Sunway University នៃប្រទេសម៉ាឡេស៊ី ។
លោកបានលើកឡើងថា៖« ការចូលរួមលើកកម្ពស់គោលការណ៍ហិរញ្ញវត្ថុបៃតងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការឈានទៅរកសេដ្ឋកិច្ចគ្មានឧស្ម័នពុល ខណៈដែល ភាគីពាក់ព័ន្ធទាំងអស់មានតួនាទីដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពហើយការអនុវត្តគោលការណ៍បៃតងនឹងផ្តល់ផលវិជ្ជមានដល់ប្រាក់ចំណេញរបស់សហគ្រាសផងដែរ»៕