ភ្នំខ្នងផ្សារ ដែលពោរពេញទៅដោយសម្រស់ធម្មជាតិ ដ៏ទាក់ទាញ ត្រូវបានមន្រ្តីពាក់ព័ន្ឋរួមគ្នាសិក្សា បន្ទាប់ពីមានសំណើរសុំវិនិយោគ លើគម្រោង អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច។
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារ នៃក្រសួងបរិស្ថាន ដឹកនាំដោយលោក រ័ត្ន វិរៈ និងលោក សុខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីមន្រ្តីជំនាញ របស់នាយកដ្ឋានពាក់ព័ន្ធ ចំណុះក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ (ខេត្តកោះកុង និងខេត្តកំពង់ស្ពឺ) បានចុះពិនិត្យលើទីតាំងស្នើសុំវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ចំនួន ៧គម្រោង ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រឧទ្យានជាតិក្រវាញកណ្តាល ចំណុចភ្នំខ្នងផ្សារ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងស្ថិតក្នុងភូមិសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
គួរកត់សម្គាល់ថា នាពេលកន្លងមក ភ្នំខ្នងផ្សារ បានទាក់ទាញភ្ញៀវទេសចរ ជាច្រើន ក្នុងនោះមានទាំង អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី និងមន្រ្តីជាន់ខ្ពស់ មួយចំនួនទៀត ក៏បានទៅកំសាន្តនៅទីនោះដែរ។
តាមរយៈការពិនិត្យលើទីតាំងស្នើសុំវិនិយោគខាងលើ ត្រូវបានគេរំពឹងថា នឹងមានលទ្ឋផលល្អ ហើយអាចឈានដល់ការអភិវឌ្ឍផ្លូវ ដែលជាមធ្យោបាយសំខាន់ ដើម្បីធ្វើដំណើរទៅកាន់ទីនោះផងដែរ៕