លោក ត្រាំ ចង់ឲ្យអ៊ុយក្រែនយករ៉ែកម្រៗរបស់ខ្លួន មកធ្វើជាថ្នូរ​ដូរ​នឹងជំនួយពីអាមេរិកវិញ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បាននិយាយកាលពីពេលថ្មីៗនេះថា លោកចង់ចរចាកិច្ចព្រមព្រៀងថ្មីមួយជាមួយប្រទេសអ៊ុយក្រែន ដែលនឹងតម្រូវឲ្យរដ្ឋាភិបាលទីក្រុងគៀវយកនូវរ៉ែកម្រៗរបស់ខ្លួន ជាថ្នូរដូរនឹងជំនួយពីសហរដ្ឋអាមេរិកវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងប្រាប់ទៅកាន់អ្នកយកព័ត៌មាននៅឯការិយាល័យ Oval ក្នុងសេតវិមាន លោក ត្រាំ បាននិយាយថា៖”យើងកំពុងស្វែងរកកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ដែលធានាថាពួកគេនឹងទទួលបានអ្វីពីយើង លុះត្រាតែពួកគេត្រូវផ្តល់មកឲ្យយើងវិញនូវរ៉ែកម្រៗ ឬមួយធនធានផ្សេងទៀត” ។

ទន្ទឹមនឹងនេះ នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថា តើលោកចង់ឲ្យអ៊ុយក្រែនផ្តល់ធនធានដល់សហរដ្ឋអាមេរិកឬអត់? ខណ:លោក ត្រាំ បានបញ្ជាក់វិញយ៉ាងច្បាស់ថា៖”ពិតមែនហើយ ខ្ញុំចង់បានការធានាលើរ៉ែកម្រ”។

យ៉ាងណាក៏ដោយ ជុំវិញការលើកឡើងបែបនេះ ខាងភាគីអ៊ុយក្រែន​មិន​ទាន់បាន​ធ្វើ​អត្ថាធិប្បាយ​ណាមួយនៅឡើយនោះទេ។

រម្លឹកផងដែរថា​ កាលពីខែតុលា ឆ្នាំមុន ប្រធានាធិបតីអ៊ុយក្រែន​ លោក Volodymyr Zelenskyy បានដាក់បញ្ចូលការការពារធនធានធម្មជាតិរបស់អ៊ុយក្រែន រួមទាំងរ៉ែកម្រមានតម្លៃរាប់ពាន់លានដុល្លារ នៅក្នុងផែនការជ័យជម្នះរបស់លោក ដើម្បីបញ្ចប់ជម្លោះជាមួយរុស្ស៊ី ខណ:លោកថែមទាំងបានអះអាងទៀតថា នឹងជំរុញឲ្យប្រទេសដៃគូលោកខាងលិចចូលរួមការពារធនធានសំខាន់ៗដែលមាននៅក្នុងប្រទេសអ៊ុយក្រែន និងវិនិយោគរួមគ្នា ជាមួយនឹងការទាញយកអត្ថប្រយោជន៍ពីសក្តានុពលសេដ្ឋកិច្ចរៀងៗខ្លួន៕