វិថីតេជោសន្តិភាពឆ្នេរអង្កោល បាននិងកំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិនានា។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ថា វិថីតេជោសន្តិភាពឆ្នេរអង្កោល ក៏ជាខ្សែផ្លូវតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និងនេសាទនៅក្នុងឃុំអង្កោល និងលាតសន្ធឹងឆ្លងកាត់តំបន់កសិកម្ម តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង និងតភ្ជាប់ជាមួយផ្លូវខេត្តលេខ១៣៣២ ក្នុងទិសដៅទៅមករវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត(ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន និងតំបន់ផ្សេងៗទៀតនៅក្នុងខេត្តកែប។
សូមជម្រាបជូនថា វិថីតេជោសន្តិភាពឆ្នេរអង្កោលនេះ មានប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាអនុគម្រោងនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ ចាប់ផ្តើមក្នុងខែមករា ឆ្នាំ២០២២ និងបញ្ចប់ក្នុងខែមករា ឆ្នាំ២០២៤ ហើយត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់កាលពីថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២៤។ វិថីនេះចំណាយថវិកាសរុប ១០លានដុល្លារអាម៉េរិក ជាកម្ចី ឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាល សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕