CMA សហការជាមួយដៃគូជាតិ និងអន្តរជាតិ ការពារអតិថិជន និងពង្រឹងប្រតិបត្តិការផ្តល់ប្រាក់កម្ចី

សង្គម​ និង​សេដ្ឋកិច្ច

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ប្តេជ្ញាសហការជាមួយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ ដើម្បីកិច្ចការពារអតិថិជន និងពង្រឹងប្រតិបត្តិការផ្តល់ប្រាក់កម្ចី ដើម្បីគាំពារប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរក្សាឱ្យបាននូវតួនាទីដ៏ សំខាន់នៃ វិស័យមីក្រូហិរញ្ញវត្ថុក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីជូនដំណឹងរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី៥ ខែកុម្ភៈនេះថា ចាប់តាំងពីឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា (NBC) និងអង្គការសហប្រជាជាតិ (UN) បានដឹកនាំការពិគ្រោះយោបល់ដ៏សំខាន់មួយ ដើម្បីដោះស្រាយបញ្ហា ប្រឈមសំខាន់ៗក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដូចជាបញ្ហាបំណុលច្រើនលើសលុប ហានិភ័យហិរញ្ញវត្ថុពាក់ព័ន្ធនឹងដីធ្លី និងកិច្ចការពារអតិថិជន។ បច្ចុប្បន្នគំនិតនេះ ស្ថិតក្នុងដំណាក់កាលកំពុងអនុវត្តយ៉ាងសកម្ម ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាង ១០០ ស្ថាប័ន មកពីផ្នែករាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល គ្រឹះស្ថានហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងប្រតិបត្តិ ការផ្តល់ប្រាក់កម្ចី និងធានានូវនិរន្តរភាពយូរអង្វែងរបស់វិស័យ។

លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ ថា៖ «សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាប្តេជ្ញាធ្វើការជិតស្និតជាមួយដៃគូរបស់យើងដើម្បីធានាឱ្យបានថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នឹងនៅតែបន្តផ្តល់សេវាដល់ពលរដ្ឋដែលមានតម្រូវការ។ យើងបានដឹងនូវបញ្ហាប្រឈមដែលអ្នកខ្ចីប្រាក់កំពុងជួបប្រទះ ហើយយើងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីកែលម្អ ប្រតិបត្តិការផ្តល់ឥណទាន និងពង្រឹងកិច្ចគាំពារអតិថិជន។ កិច្ចខិតខំប្រឹងប្រែងរបស់យើង មានគោលបំណងលើកកម្ពស់អតិថិជនឱ្យអាចមានលទ្ធភាពធ្វើការសម្រេចចិត្តប្រកបដោយ ការទទួលបានព័ត៌មានច្បាស់លាស់ និងការការពារសិទ្ធិរបស់ពួកគាត់»។

លើសពីនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកំពុងធ្វើកិច្ចការសំខាន់ៗមួយចំនួន រួមទាំងការពង្រឹងស្តង់ដារប្រតិបត្តិ ការឥណទានផងដែរ។ ក្នុងកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ សមាគមកំពុងគាំទ្រដល់ការធ្វើកំណែទម្រង់នានា ដើម្បីធានាថាការផ្តល់ឥណទានត្រូវបានធ្វើឡើង ដោយផ្អែកលើសមត្ថភាពសងត្រលប់របស់អតិថិជន ជាជាងការពឹងផ្អែកតែលើទ្រព្យធានា។ វិធានការដ៏សំខាន់មួយទៀត គឺការហាមឃាត់ ការប្រើប្រាស់ដីសហគមន៍របស់ជនជាតិដើម (ICLTs) មកធ្វើជាទ្រព្យធានា ដែលនឹងជួយការពារសហគមន៍ងាយរងគ្រោះពីហានិភ័យនៃការបាត់បង់ដីធ្លី។ លើសពីនេះទៀត សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកំពុងគាំទ្រការបង្កើតមជ្ឈមណ្ឌលអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ (FCC) ដែលស្ថិតក្រោមសមាគមធនាគារនៅកម្ពុជា (ABC)។ មជ្ឈមណ្ឌលនេះ ផ្តល់សេវាដោះស្រាយបណ្តឹងអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ និងពង្រឹងកិច្ចការពារអតិថិជន។ សមាគមក៏កំពុងពង្រឹងកម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុផងដែរ ដោយផ្តោតលើស្ត្រី និងសហគមន៍ជនបទ តាមរយៈគម្រោងសុវត្ថិភាពហិរញ្ញវត្ថុនៅសហគមន៍ ដើម្បីជួយអតិថិជនក្នុងវិស័យហិរញ្ញវត្ថុឱ្យធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ប្រកបដោយការយល់ដឹងច្បាស់លាស់ ព្រមទាំងកាត់បន្ថយហានិភ័យនៃ ការជំពាក់បំណុលច្រើនលើសលុប។

លោកស្រី បានបន្ថែមថា៖ «តាមរយៈកិច្ចសហការជាមួយដៃគូ យើងកំពុងប្រឹងប្រែង កសាងវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងផ្តល់ ឱកាស ជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ បំផុតនៅកម្ពុជា។ គោលដៅរបស់យើង គឺផ្តល់ជូនអតិថិជននូវសេវា និងផលិតផលហិរញ្ញវត្ថុផ្លូវការ ដែលមានភាពចាំបាច់តាមតម្រូវការ ដើម្បីពួកគាត់ទទួលបានភាពជោគជ័យផ្នែកហិរញ្ញវត្ថុ និង ការពារពួកគាត់ពីហានិភ័យហិរញ្ញវត្ថុ»។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ស្របគ្នាទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) របស់អង្គការសហប្រជាជាតិ ជាពិសេសក្នុងការកាត់បន្ថយភាពក្រីក្រ សមភាពយេនឌ័រ និងបរិយាបន្នហិរញ្ញវត្ថុ ដោយធានាថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែជាចលករដ៏សំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសអាជីវកម្ម៕