ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន កាលពីថ្ងៃអង្គារ ទី៤ ខែកុម្ភ:កន្លងទៅនេះ បានប្រកាសពីកញ្ចប់នៃការយកពន្ធគយថ្មី លើផលិតផលជាច្រើនរបស់សហរដ្ឋអាមេរិក ពោលគឺដើម្បីធ្វើការឆ្លើយតបភ្លាមៗចំពោះការយកពន្ធ ១០% លើការនាំចូលទំនិញរបស់ចិនដែលដាក់ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា រដ្ឋភិបាលចិន បានសម្រេចដាក់ពន្ធ ១០% ទៅលើប្រេងឆៅ គ្រឿងចក្រកសិកម្ម យានជំនិះខ្នាតធំ និងរថយន្តដឹកនាំ និង ១៥% បន្ថែមទៀត ទៅលើធ្យូងថ្ម និងឧស្ម័ន (LNG) របស់សហរដ្ឋអាមេរិក។ ការយកពន្ធនេះ ត្រូវបានគេរំពឹងទុកថានឹងចូលជាធរមាន នៅថ្ងៃទី១០ ខែកុម្ភៈខាងមុខ។
គួរឲ្យដឹងផងដែរថា ជុំវិញចំណាត់ការថ្មីចុងក្រោយនេះ ត្រូវបានធ្វើឡើងបន្ទាប់សហរដ្ឋអាមេរិក បានដាក់ ១០% លើការនាំចូលរបស់ចិនដែលត្រូវបានបានចូលជាធរមានកាលពីថ្ងៃអង្គារមិ្សលមិញនេះ ខណ:វាត្រូវបានគេរំពឹងទុកថានឹងបង្កឲ្យមានការប្រឈមមុខទៅនឹងសង្រ្គាមពាណិជ្ជកម្មជាថ្មី រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំងពីររបស់ពិភពលោក ស្របពេលលោក ត្រាំ បានដាក់ទណ្ឌកម្មចិន ចំពោះការមិនបញ្ឈប់លំហូរនៃគ្រឿងញៀនខុសច្បាប់។
ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ការយកពន្ធលើការនាំចូលទំនិញរបស់ចិន គឺបានបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។
រម្លឹកផងដែរថា លោក ត្រាំ កាលពីថ្ងៃចន្ទបានផ្អាកការដាក់ពន្ធ ២៥% លើប្រទេសម៉ិកស៊ិក និងកាណាដានៅនាទីចុងក្រោយ ដោយព្រមព្រៀងគ្នាដើម្បីផ្អាករយ:ពេល ៣០ថ្ងៃសិន ជាថ្នូរនឹងចរចាបន្ថែមទៀតទៅលើបញ្ហាព្រំដែន និងការអនុវត្តឧក្រិដ្ឋកម្មជាមួយប្រទេសជិតខាងទាំងពីរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក មិនមានការលើកលែងបែបនេះសម្រាប់ប្រទេសចិននោះទេ ដោយការដាក់ពន្ធគយថ្មី ត្រូវបានចូលជាធរមានទាំងស្រុងនៅត្រឹម៉ោង ១២៖០១នាទីព្រឹក ថ្ងៃអង្គារ។ ស្របពេលអ្នកនាំពាក្យសេតវិមាន បាននិយាយថាលោក ត្រាំ អាចនឹងមិនមានការពិភាក្សាណាមួយជាមួយប្រធានាធិបតីចិន លោក ស៊ី ជិន ពីង នោះទេ រហូតដល់ចុងសប្តាហ៍នេះ៕