លោក ត្រាំ ឈានដល់ការចុះហត្ថលេខាដកអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

អន្តរជាតិ

ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានឈានដល់ការចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីៗបន្ថែមទៀត ស្តីពីការដកសហរដ្ឋអាមេរិកចេញពីទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ជាច្រើន រួមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្ស ហើយបានចាប់ផ្តើមការពិនិត្យឡើងវិញលើការផ្តល់មូលនិធិសម្រាប់អង្គការនេះ។ នេះបើតាមកាចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃទី៤ ខែកុម្ភៈ ដោយបញ្ជាក់ថាលោកនឹងដកសហរដ្ឋអាមេរិកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UNHRC) និងទីភ្នាក់ងារផ្តល់ជំនួយសង្គ្រោះដ៏សំខាន់របស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន (UNRWA) ហើយនឹងពិចារណាឡើងវិញនូវការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ផងដែរ។

ទន្ទឹមនឹងនេះ បើតាមលេខាធិការសារព័ត៌មានសេតវិមាន លោក Will Scharf បាននិយាយថា ជុំវិញវិធានការចុងក្រោយនេះ ត្រូវបានធ្វើឡើង ក្រោយចោទប្រកាន់ស្ថាប័ននេះថា មានភាព​លម្អៀង​ប្រឆាំងអាមេរិក នៅក្នុងទីភ្នាក់ងារអង្គការសហប្រជាជាតិ។

ជាមួយនឹងបទបញ្ជាថ្មីនេះ សហរដ្ឋអាមេរិកហាក់ដូចជាកំពុងបញ្ឈប់ការចូលរួមរបស់ខ្លួននៅក្នុងសកម្មភាពរបស់ក្រុមប្រឹក្សា UN រួមទាំងការពិនិត្យឡើងវិញនូវកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេស និងការចោទប្រកាន់ជាក់លាក់អំពីការរំលោភសិទ្ធិមនុស្សថែមទៀតផង។

ដោយឡែក UNRWA គឺជាទីភ្នាក់ងារសំខាន់ដែលផ្តល់ជំនួយសម្រាប់ប្រជាជននៅតំបន់ហ្គាហ្សាចំពេលមានគ្រោះមហន្តរាយមនុស្សធម៌ បណ្តាលមកពីការវាយលុករបស់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារឆ្លងដែនរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលា ប៉ុន្តែ UN បានបណ្តេញបុគ្គលិកជាច្រើននាក់រួចទៅហើយកាលពីឆ្នាំមុន ក្រោយស៊ើបឃើញថា ពួកគេអាចជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនោះ។

សូមបញ្ជាក់ថា អាមេរិក គឺជាអ្នកឧបត្ថម្ភធំចំពោះ UNRWA ដោយគិតត្រឹមឆ្នាំ២០២១ អាមេរិកបានជួយជាលុយជាង ៣៣៨លានដុល្លារ ប៉ុន្តែមកដល់ឆ្នាំ២០២៣ អាមេរិក បានបន្ថយជំនួយមកនៅត្រឹម ១៥៤លានដុល្លារប៉ុណ្ណោះ។

ជម្រានជូនថា នៅដើមអាណត្តិទី២ ក្នុងនាមជាប្រធានាធិបតីរបស់លោក ត្រាំ ក៏បានប្រកាសដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និងបានផ្តួចផ្តើមដំណើរការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO) ដែលសហរដ្ឋអាមេរិក ជាម្ចាស់ជំនួយធំជាងគេ ផងដែរ៕