សេតវិមាន៖ នាយរដ្ឋមន្ត្រីឥណ្ឌា ត្រូវបានអញ្ជើញឲ្យជួបជាមួយ លោក​ ត្រាំ នៅសប្តាហ៍ក្រោយ

អន្តរជាតិ

យោងតាមមន្ត្រីសេតវិមានមួយបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអញ្ជើញនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi មកទស្សនកិច្ចនៅសេតវិមាន នៅសប្តាហ៍ក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រម្លឹកផងដែរថា លោក ត្រាំ បាននិយាយជាមួយលោក Modi កាលពីថ្ងៃទី២៧ ខែមករា នៅពេលដែលលោក បានពិភាក្សាអំពីបញ្ហាអន្តោប្រវេសន៍ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទិញ​សម្ភារ​យោធាដែលផលិតដោយអាមេរិកបន្ថែមទៀត ព្រមទាំងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដែលស្មើភាពគ្នា ផងដែរ។

ឥណ្ឌា ដែលជាដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេករិក ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងប្រទេសចិន មានបំណងចង់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ហើយចង់ស្វែងរកភាពងាយស្រួលបន្ថែមមទៀត សម្រាប់ពលរដ្ឋរបស់ខ្លួន ក្នុងការទទួលបានទិដ្ឋាការកម្មករជំនាញ។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលទីក្រុងញូវដេលី ក៏មានបំណងចង់ជៀសវាងនូវការដាក់ពន្ធគយណាមួយដែលលោក ត្រាំ ធ្លាប់បានគំរាមកំហែងនាពេលកន្លងមក ដោយលើកឡើងពីការយកពន្ធខ្ពស់របស់ឥណ្ឌា លើទំនិញអាមេរិក។

ជម្រាបជូនផងដែរថា សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឥណ្ឌា ខណ:ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងលើសពី ១១៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ និង២០២៤ ដោយក្នុងនោះឥណ្ឌាទទួលបានអតិរេកពាណិជ្ជកម្មដល់ទៅ ៣២ពាន់លានដុល្លារ៕