សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ពីលទ្ធផលកិច្ចប្រជុំជាមួយ ឧកញ៉ា ឆេង ស្រីរ័ត្ន

សមាគមឧកញ៉ាកម្ពុជា

សមាគមឧកញ៉ាកម្ពុជា នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំរវាងសមាគមឧកញ៉ាកម្ពុជា និង ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ដោយមានការចូលរួមពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីព្រឹកមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមឧកញ៉ាកម្ពុជា ជាលទ្ធផល ឧកញ៉ា ឆេង ស្រីរ័ត្ន បានសន្យាចំពោះមុខតំណាង សមាគមឧកញ៉ាកម្ពុជា ចំនួន ៤ចំណុចដូចខាងក្រោម៖

១. បញ្ឈប់សកម្មភាពទាំងឡាយ ក្រោមទម្រង់ការថតសម្តែង ការស្លៀកពាក់ ការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ដែលខុសឆ្គង និងបង្កផលប៉ះពាល់ដល់វប្បធម៌ ប្រពៃណី ជំនឿ សាសនា របស់ជាតិ ព្រមទាំងកិត្តិយស និងសេចក្តីថ្លៃថ្នូរ នៃគោរមងារឧកញ៉ា។

២. យល់ព្រមលុបចោលនូវរូបភាព និងវីដេអូទាំងឡាយ អំពីសកម្មភាពខុសឆ្គង ដែលបានបង្ហោះកន្លងមក ដែលទទួលការរិះគន់ពីសាធារណជន ពិសេសវីដេអូឃ្លីប ការអត្ថាធិប្បាយទាំងឡាយ ដែលប៉ះពាល់សីលធម៌ និងកិត្តិយសដល់គោរមងារឧកញ៉ា។

៣. យល់ព្រមទទួលយកមតិយោបល់អង្គប្រជុំពាក់ព័ន្ធនឹងទម្រង់សម្លៀកបំពាក់ និងពាក្យសម្តីមិនសមរម្យនៅក្នុងការថតផ្សាយជាសាធារណៈ ក្នុងគោលបំណងចៀសវាងផលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ស្ត្រី។

៤. យល់ព្រមធ្វើវីដេអូឃ្លីប ផ្សព្វផ្សាយជាសាធារណៈមួយថ្ងៃបន្ទាប់ពីកិច្ចសន្យានេះ ដោយបញ្ជាក់ពីការទទួលស្គាល់កំហុសឆ្គង ប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា សេចក្តីថ្លៃថ្នូរ និងការសន្យាមិនឱ្យមាន សកម្មភាពបែបនេះតទៅថ្ងៃមុខទៀត។

ករណី ឧកញ៉ា ឆេង ស្រីរ័ត្ន មិនបានអនុវត្តតាមកិច្ចសន្យាទាំង៤ចំណុចខាងលើ ឧកញ៉ា ឆេង ស្រីរ័ត្ន ព្រមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ជាមួយគ្នានេះ សមាគមឧកញ៉ាកម្ពុជា សូមអំពាវនាវដល់គោរមវន្តទាំងអស់ សូមមេត្តាចៀសវាងនូវសកម្មភាពទាំងឡាយណាផ្ទុយនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា ដែលបង្កផលប៉ះពាល់ដល់គុណតម្លៃ កិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា និងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់វប្បធម៌ ប្រពៃណី ជំនឿ សាសនា ជាដើម៕