រយៈពេល៥ឆ្នាំ ក្រសួងប្រៃសណីយ៍ប្រមូលចំណូលថវិកាជាតិ៨០៤លានដុល្លារ កើន៤ដង

សង្គម​ និង​សេដ្ឋកិច្ច

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងរយៈពេល៥ឆ្នាំ (ឆ្នាំ២០២០-២០២៤) ប្រមូលចំណូលថវិកាជាតិសរុបបានប្រមាណ ៨០៤លានដុល្លារអាម៉េរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោករដ្ឋមន្ត្រីបានឱ្យដឹងថា៖ ចំណូលថវិកាជាតិរយៈពេលឆ្នាំពី ២០១៥ដល់២០១៩ ប្រមូលបាន ចំនួនប្រមាណ ២១៦លានដុល្លារអាម៉េរិក។ ចំនួននេះមានការកើនឡើង៤ដង។

លោក ជា វ៉ាន់ដេត បានបញ្ជាក់ឲ្យដឹងដែរថា ពីឆ្នាំ២០២០-២០២៤ ក៏ជាអំឡុងពេលដែលរាជរដ្ឋាភិបាលបានអនុម័តឯកសារសំខាន់ៗចំនួន៤ គឺ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥”, “គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥”, “គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០” និង “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា” ។

ឯកសារទាំងអស់នេះ គឺជាប្រទីបនិងជាត្រីវិស័យបំភ្លឺ និងនាំផ្លូវដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការជំរុញ ការអភិវឌ្ឍនិងការគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នូវវិស័យ៣ដែលស្ថិតនៅក្នុងវិសាលភាពនៃការទទួល ខុសត្រូវរបស់ក្រសួង រួមមាន វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឬហៅថា វិស័យឌីជីថល ដើម្បីរួមចំណែកនៅក្នុងដំណើរការកសាងរដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងធុរកិច្ចឌីជីថល សំដៅជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គមទាំងមូល៕