ក្រុមហ៊ុនផលិតរថយន្តស្ព័រលំដាប់កំពូល Ferrari បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ខ្លួនកំពុងរៀបចំការដាក់សម្ពោធរថយន្តអគ្គិសនីដំបូងបំផុតរបស់ខ្លួន នាខែតុលាខាងមុខ ខណ:ពួកគេក៏បានកំណត់គោលដៅបង្កើនប្រាក់ចំណូលឲ្យបានយ៉ាងហោចណាស់ ៥% នៅឆ្នាំ២០២៥ នេះផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
នាយកប្រតិបត្តិក្រុមហ៊ុន លោក Benedetto Vigna បាននិយាយថា Ferrari ដែលធ្លាប់តែជាក្រុមហ៊ុនផលិតរថយន្តបែបស្ព័រមានកម្លាំងម៉ាស៊ីនខ្លាំង ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចូលរួមក្នុងការប្រកួតប្រជែងក្នុងទីផ្សាររថយន្ត EV ដែលកំពុងមានភាពរីកចម្រើនខ្លាំង ជាមួយនឹងការដាក់បង្ហាញរថយន្តអគ្គិសនីដំបូងបំផុតរបស់ខ្លួន នាថ្ងៃទី៩ ខែតុលា នៅទីស្នាក់ការកណ្តាល Maranello របស់ក្រុមហ៊ុន នៅក្នុងប្រទេសអ៊ីតាលីផ្ទាល់តែម្តង។
ទន្ទឹមនឹងនេះ លោក Vigna បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតណាមួយបន្ថែមទៀតអំពីម៉ូដែលរថយន្តអគ្គិសនីថ្មីនេះនៅឡើយទេ ដោយគ្រាន់តែបង្ហើបត្រួសៗថា រថយន្ត EV របស់ខ្លួននឹងចេញមកតាមរបៀបប្លែក និងច្នៃប្រឌិតបំផុត ខុសពីរថយន្ត EV ដទៃទៀត។
លោក Vigna បានបន្តទៀតថា រថយន្តអគ្គិសនី Ferrari នឹងក្លាយជាម៉ូដែលថ្មីមួយក្នុងចំណោមម៉ូដែលថ្មីៗចំនួនប្រាំមួយផ្សេងទៀត ដែលក្រុមហ៊ុនគ្រោងនឹងដាក់ចេញលក់ នៅឆ្នាំនេះ ដោយបន្ថែមថាផែនការរបស់ខ្លួននឹងមិនរងផលប៉ះពាល់ដោយសារគោលនយោបាយពន្ធគយរបស់លោក ត្រាំ នៅសហរដ្ឋអាមេរិក ឬដោយសារហានិភ័យនៃសង្គ្រាមពាណិជ្ជកម្ម នោះឡើយ។
ជម្រាបជូនផងដែរថា Ferrari បានចាប់ផ្តើមផ្តល់ជូននូវម៉ូដែលកូនកាត់ ដល់អតិថិជនសុទ្ធតែជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភរបស់ខ្លួនរួចទៅហើយ កាលពីក្នុងឆ្នាំ២០១៩ ដោយក្នុងនោះការលក់រថយន្តប្រភេទកូនកាត់ Hybrids មានចំនួនដល់ទៅ ៥១% នៃការលក់រថយន្តសរុបរបស់ខ្លួន នៅក្នុងឆ្នាំ២០២៤។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់អ៊ីតាលី កាលពីថ្ងៃអង្គារ បានព្យាករថាប្រាក់ចំណូលរបស់ខ្លួនមុនពេលបង់ពន្ធ អាចនឹងកើនឡើងដល់យ៉ាងហោចណាស់ ២,៦៨ពាន់លានអឺរ៉ូ (២,៧៧ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៥ នេះ ពោលគឺកើនឡើងពី ២,៥៦ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០២៤៕