លោក Colin Huang ត្រូវបានគេស្គាល់ថាជាបុគ្គលដ៏ល្បីធ្លោបំផុតមួយរូប នៅក្នុងវិស័យជំនួញរបស់ប្រទេសចិន ដែលធ្លាប់ធ្វើជាបុគ្គលិកហាត់ការនៅក្រុមហ៊ុន Google និងជាស្ថាបនិកក្រុមហ៊ុនហាងលក់ទំនិញអនឡាញដ៏ល្បីឈ្មោះរបស់ចិន Pinduoduo ផងដែរ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា គិតត្រឹមពេលបច្ចុប្បន្ននេះ ទ្រព្យសម្បត្តិសរុបរបស់លោក Huang មានចំនួនប្រមាណ ៤០,២ពាន់លានដុល្លារ ដោយបានធ្វើឲ្យលោកជាប់ក្នុងបញ្ជីជាអ្នកមានបំផុតដាច់គេទី៤៣ លើពិភពលោក និងជាប់លេខ០៤ នៅក្នុងប្រទេសចិន។
លោក Colin Huang ដែលមានឈ្មោះកំណើតថា Huang Zheng កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៨០ នៅក្នុងគ្រួសារមានជីវកម្មក្រីក្រមួយ ដោយមានឪពុកម្តាយជាកម្មកររោងចក្រនៅជាយក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។
នៅអាយុ១៨ ឆ្នាំ លោក Huang បានសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៅសកលវិទ្យាល័យ Zhejiang ដោយសារតែលោកមានចំណង់ចំណូលចិត្តខ្ពស់ទៅលើបច្ចេកវិទ្យា នឹងចង់ចូលទៅប្រើអ៊ីនធឺណិតឲ្យបានច្រើន ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិបរទេស។
ក្រោយមក លោក Huang ត្រូវបានជ្រើសរើសឲ្យចូលក្នុង Melton Foundation Fellow ដែលជាក្រុមនិស្សិតវ័យក្មេងមកពីតំបន់ដែលកំពុងរីកចម្រើនជុំវិញពិភពលោក ដើម្បីបង្កើនសមត្ថភាព ផ្លាស់ប្តូរបទពិសោធ និងអាចមានឱកាសដើម្បីបន្តការសិក្សានៅក្រៅប្រទេស ផងដែរ។
ពេលរៀននៅមហាវិទ្យាល័យ លោក Huang ទទួលបានប្រាក់ខែដំបូងរបស់ខ្លួន ក្នុងនាមជាបុគ្គលិកហាត់ការនៅក្រុមហ៊ុន Microsoft។ លោកបានធ្វើការនៅការិយាល័យរបស់ Microsoft នៅទីក្រុងប៉េកាំងអស់មួយរយ:ពេល បន្ទាប់មកមានឱកាសផ្លាស់ទៅកាន់ការិយាល័យនៅទីក្រុង Redmond រដ្ឋ Washington ។
តែទោះជាយ៉ាងណាក៏ដោយ លោក Huang បានសម្រេចចាកចេញពី Microsoft វិញ បន្ទាប់ពីត្រូវបានគេណែនាំឲ្យចូលរួមជាបុគ្គលិកហាត់ការនៅក្នុងក្រុមហ៊ុន Google ជំនួស។ មិនយូរប៉ុន្មាន លោកក៏ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក តែងតាំងឲ្យធ្វើជាបុគ្គលិកពេញម៉ោង នៅក្នុងនាមជាវិស្វករផ្នែក Software របស់ក្រុមហ៊ុន និងបន្តក្លាយជាអ្នកគ្រប់គ្រងផ្នែកផលិតផល។
យ៉ាងណាក៏ដោយ លោក Huang បានសម្រេចចិត្តត្រឡប់មកកាន់ប្រទេសចិនវិញ ក្នុងអំឡុងឆ្នាំ ២០០៦ ដើម្បីមកជួយគ្រប់គ្រងការិយាល័យដំបូងរបស់ Google នៅក្នុងប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
រយ:ពេលត្រឹមតែ ១ឆ្នាំក្រោយមក លោក Huang បានសម្រេចចិត្តលាលែងពីតំណែងក្នុងក្រុមហ៊ុន Google ហើយងាកមកបើកដំណើរការគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកផ្ទាល់ខ្លួនមួយ ឈ្មោះថា Oukou ដែលលក់គ្រឿងអេឡិចត្រូនិចដូចជាទូរសព្ទដៃ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាដើម។ បីឆ្នាំក្រោយមក លោកក៏បានសម្រេចចិត្តលក់ Oukou ហើយបានបង្កើតក្រុមហ៊ុនថ្មីមួយផ្សេងទៀត ឈ្មោះថា Leqi ។ បន្ទាប់មក លោក Huang ក៏បានបន្តបើកស្ទូឌីយ៉ូផលិតហ្គេមមួយឈ្មោះថា Xumeng ផងដែរ។
លុះដល់ឆ្នាំ២០១៥ លោក Huang បានបង្កើតក្រុមហ៊ុន Pinduoduo ដែលមានទីស្នាក់ការនៅទីក្រុងសៀងហៃ ប្រទេសចិន។ ក្រុមហ៊ុននេះ បានក្លាយជាក្រុមហ៊ុន E-commerce ដំបូងគេដែលផ្តោតទៅលើអាជីវកម្មលក់អនឡាញស្ទើតែគ្រប់ទំនិញទាំងអស់ ដោយរាប់ចាប់តាំងពីបន្លែ ផ្លែឈើ។ ក្នុងឆ្នាំ២០១៧ ក្រុមហ៊ុន Pinduoduo កើបប្រាក់ចំណូលសរុបបាន ២៨០លានដុល្លារ ដែលជាជោគជ័យធំបំផុតមិនធ្លាប់មានសម្រាប់ក្រុមហ៊ុន។
មិនយូរប៉ុន្មានក្រុមហ៊ុន Pinduoduo បានក្លាយជាដៃគូប្រជែងដ៏ធំសម្រាប់ក្រុមហ៊ុន E-commerce ក្នុងស្រុកផ្សេងទៀត បន្ទាប់ពីពួកគេបានចាប់ផ្តើមបោះផ្សាយលក់មូលបត្រជាសាធារណ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៨។ នៅពេលនោះក្រុមហ៊ុនបានប្រមូលលុយពី IPO បាន ១៦ពាន់លានដុល្លារ ដោយក្នុងនោះ លោក Huang កាន់កាប់ភាគហ៊ុន ៤៧% ឬស្មើទៅនឹង ១៤ពាន់លានដុល្លារ ក្នុងក្រុមហ៊ុន ដែលធ្វើឲ្យលោកជាប់ក្នុងចំណោមជាអ្នកមានដាច់គេ នៅក្នុងប្រទេសចិន។
ជម្រាបជូនផងដែរថា នៅក្នុងឆ្នាំ២០២០ លោក Huang បានសម្រេចលាលែងចេញពីតំណែងជានាយកប្រតិបត្តិ បន្ទាប់មកកាន់កាប់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Pinduoduo។ ក្នុងឆ្នាំ២០២១ លោកបានបន្តលាលែងចេញពីតំណែងជាប្រធានក្រុមប្រឹក្សាភិបាល៕