អគ្គកុងស៊ុលកិត្តិយស៩ប្រទេស ក្នុងសហភាពអឺរ៉ុប នឹងទាក់ទាញវិនិយោគិនពីប្រទេសខ្លួន ឱ្យងាកមកដាក់ទុនវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូអគ្គកុងស៊ុលកិត្តិយស នៃបណ្តាប្រទេសចំនួន ៩ ក្នុងសហភាពអឺរ៉ុប(EU) បានសម្តែងនូវចេតនាក្នុងការផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនពីប្រទេសរបស់ខ្លួន ឱ្យងាកមកពិចារណា និងពិនិត្យលទ្ធភាពក្នុងការដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូអគ្គកុងស៊ុលកិត្តិយស នៃបណ្តាប្រទេសចំនួន ៩ ក្នុងសហភាពអឺរ៉ុប(EU) ដឹកនាំដោយលោក Salah Essa អគ្គកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោក ស៊ុន ចាន់ថុល ក៏បានជម្រាបទៅកាន់គណៈប្រតិភូអំពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា ក្នុងរយៈពេលកន្លងមកនេះ បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ តាមរយៈការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ រហូតមកទល់បច្ចុប្បន្ន។

លើសពីនេះ លោកក៏បានលើកឡើងពីកំណើននៃគម្រោងវិនិយោគដែលគួរឱ្យកត់សម្គាល់ក្នុងកំណត់ត្រាគម្រោងវិនិយោគដែលបានអនុម័ត ក្នុងប្រវត្តិនៃប្រតិបត្តិការការងាររបស់ ក.អ.ក. កន្លងមក រួមមាន គម្រោងវិនិយោគដែលបានអនុម័តក្នុងឆ្នាំ២០២៤ សរុប ៤១៤គម្រោង និងគម្រោងវិនិយោគដែលបានអនុម័តក្នុងខែមករា ដើមឆ្នាំ២០២៥ សរុប ៦៨គម្រោង ផងដែរ។ តួលេខនេះ ជាសក្ខីភាពជាក់ស្តែងបង្ហាញពីប្រសិទ្ធភាពនៃ ច្បាប់ស្តីពីការវិនិយោគ ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា ដែលបានបង្ហាញពីការយកចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកបានគូសបញ្ជាក់ថា រៀងរាល់៦ខែម្ដង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តែងតែរៀបចំកិច្ចប្រជុំពិភាក្សាលើបញ្ហាកង្វល់ផ្សេងៗជាមួយសមាគមធុរកិច្ចជប៉ុន សភាពាណិជ្ជកម្មអាម៉េរិក សភាពាណិជ្ជកម្មអឺរ៉ុប សមាគមធុរកិច្ចកូរ៉េ ដើម្បីស្វែងរកដំណោះស្រាយ។ លោកក៏បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធមិនឈប់ឈរ ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងផ្លូវដែក ដែលសុទ្ធសឹងជាកត្តាសំខាន់ៗក្នុងការជម្រុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគរបស់ផ្នែកឯកជនឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ជាការឆ្លើយតប គណៈប្រតិភូអគ្គកុងស៊ុលកិត្តិយសទាំង៩ បានសម្ដែងនូវចាប់អារម្មណ៍ជាខ្លាំងលើការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការងារវិនិយោគពីបរទេស នៅក្នុងប្រទេសកម្ពុជា និងបានលើកឡើងអំពីភាពជោគជ័យរបស់វិនិយោគិនពីប្រទេសរបស់ខ្លួន ដែលបានសម្រេចចិត្តមកដាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់ផងដែរ។ ដោយមើលឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការធ្វើពាណិជ្ជកម្ម និងការវិនិយោគពីវិស័យឯកជន ក៏ដូចជាសក្តានុពលនានារបស់កម្ពុជា គណៈប្រតិភូបានបង្ហាញអារម្មណ៍កក់ក្តៅ និងសុទិដ្ឋិនិយមកាន់តែខ្ពស់ និងសម្តែងនូវចេតនាក្នុងការផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនពីប្រទេសរបស់ខ្លួន ឱ្យងាកមកពិចារណា និងពិនិត្យលទ្ធភាពក្នុងការដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត។

សូមជម្រាបជូនថា គណៈប្រតិភូអគ្គកុងស៊ុលកិត្តិយស នៃបណ្តាប្រទេសក្នុងសហភាពអឺរ៉ុបទាំង៩រួមមាន៖ អគ្គកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋអ៊ីតាលីប្រចាំនៅកម្ពុជា, អគ្គកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រស៊ុយអែតប្រចាំនៅកម្ពុជា, អគ្គកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋអូទ្រីសប្រចាំនៅកម្ពុជា, អគ្គកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រប៊ែលហ្សិកប្រចាំនៅកម្ពុជា, អគ្គកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រដាណឺម៉ាកប្រចាំនៅកម្ពុជា, អគ្គកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រន័រវ៉េសប្រចាំនៅកម្ពុជា, អគ្គកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រអេស្ប៉ាញប្រចាំនៅកម្ពុជា, និងអគ្គកុងស៊ុលកិត្តិយស នៃចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា៕