មេធំ Huawei បង្ហើបថាប្រាក់ចំណូលរបស់ក្រុមហ៊ុននៅឆ្នាំ២០២៤ មានលើសពី ១១៨ពាន់លានដុល្លារ

អន្តរជាតិ

ប្រធានក្រុមហ៊ុន Huawei បានបង្ហាញឲ្យដឹងកាលពីថ្ងៃពុធ ទី៥ ខែកុម្ភ:ថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន បានកើនឡើងលើស ៨៦០ពាន់លានយ៉ន់ (១១៨,២ពាន់លានដុល្លារ) កាលពីឆ្នាំមុន បើទោះបីជាក្រុមហ៊ុនបានបន្តរងផលប៉ះពាល់ដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ស្របពេលអាជីវកម្មអ្នកប្រើប្រាស់របស់ក្រុមហ៊ុន បានវិលត្រឡប់ទៅរកកំណើនវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក លាំង ហ័រ (Liang Hua) បានកត់សម្គាស់បែបនេះ នៅក្នុងអំឡុងវេទិកាមួយ នៅទីក្រុង Guangzhou ប្រទេសចិន។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានក្នុងស្រុក Shenzhen Business Daily ដែលត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យរបស់ក្រុមហ៊ុន Huawei ។

ទន្ទឹមនឹងនេះ លោក Liang បាននិយាយថា ​៖ “នៅឆ្នាំ២០២៤ ប្រតិបត្តិការរួមរបស់ក្រុមហ៊ុន Huawei នឹងបំពេញតាមការរំពឹងទុក ហេដ្ឋារចនាសម្ព័ន្ធ ICT នឹងនៅតែមានស្ថេរភាព អាជីវកម្មអ្នកប្រើប្រាស់នឹងត្រលប់មករកភាពរីកចម្រើនវិញ ហើយអាជីវកម្មដំណោះស្រាយរថយន្តឆ្លាតវៃនឹងអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាមួយនឹងប្រាក់ចំណូលពីការលក់ប្រចាំឆ្នាំ មានលើសពី ៨៦០ពាន់លានយ៉ន់” ។

គួរឲ្យដឹងថាប្រាក់ចំណូលប្រចាំឆ្នាំដែលមានចំនួនលើសពី ៨៦០ពាន់លានយ៉ន់នេះ នឹងកត់សម្គាល់កំណើន ២២% ធៀបទៅនឹងឆ្នាំ២០២៣ នៅពេលដែលក្រុមហ៊ុន Huawei បានរាយការណ៍ថាប្រាក់ចំណូលរបស់ខ្លួន នៅក្នុងឆ្នាំ២០២៣ កន្លងទៅ មានចំនួនត្រឹម ៧០៤,២ពាន់លានយ៉ន់ប៉ុណ្ណោះ។

ជម្រាបជូនថា អាជីវកម្មអ្នកប្រើប្រាស់របស់ក្រុមហ៊ុន Huawei បានត្រលប់មករកភាពរឹងមាំវិញ គិតចាប់តាំងពីខែសីហា ឆ្នាំ២០២៣ នៅពេលដែក្រុមហ៊ុនចាប់ផ្តើមដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ជាមួយនឹងបន្ទះឈីបផលិតក្នុងស្រុកដែលប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

កាល​ពី​ឆ្នាំ​មុន ​Huawei បាន​ដណ្តើម​យក​ចំណែក​ទីផ្សារ​ស្មាតហ្វូន​របស់​ចិន​ដល់ទៅ ១៦% ​ដែល​បានវ៉ាដាច់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Apple ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ទទួលបានពី Canalys៕