លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ កំណាត់ចុងក្រោយ ផ្លូវជាតិលេខ៥ សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រវែង៣៥,១៤គីឡូម៉ែត្រ មានវឌ្ឍនភាពដោយអន្លើៗ ដោយសម្រចបានលទ្ធផលជារួម ២៩%ហើយ ។
![](https://www.oknha.news/wp-content/uploads/2025/02/image-202-1024x576.png)
លោកបន្តថា កំណាត់ផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត) គឺជាកំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥។ គម្រោងនៃកំណាត់ចុងក្រោយនេះ នឹងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៦ ខាងមុខនេះ។
ជាមួយគ្នានេះ លោក ផន រឹម ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត)មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។
សូមជម្រាបជូនថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ បែងចែកជាកំណាត់ៗ រួមមាន៖ កំណាត់ទី១ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ ប្រវែងជាង ៨៤គីឡូម៉ែត្រ (សម្ពោធកាលខែមករា ឆ្នាំ២០២២), កំណាត់ទី២ ភាគខាងត្បូង ព្រែកក្តាម-ធ្លាម្អម ប្រវែង ១៣៥គីឡូម៉ែត្រ ,កំណាត់ទី៣ ភាគកណ្តាល ធ្លាម្អម-បាត់ដំបង ប្រវែង ១១០,៩គីឡូម៉ែត្រ។ (ត្រូវបានសម្ពោធកាលពីខែវិច្ឆិកា ឆ្នាំ២០២៣) រីឯណាត់ចុងក្រោយ សិរីសោភ័ណ-ប៉ោយប៉ែត មានប្រវែងសរុប ៣៥,១៤គីឡូម៉ែត្រ កំពុងសាងសង់បាន២៩%។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ គឺជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើមសាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែងសរុបជាង៣០០គីឡូម៉ែត្រ៕
![](https://www.oknha.news/wp-content/uploads/2025/02/image-203-1024x576.png)
![](https://www.oknha.news/wp-content/uploads/2025/02/image-204-1024x576.png)
![](https://www.oknha.news/wp-content/uploads/2025/02/image-205-1024x576.png)