ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែង លោក វុឌ្ឍី វណ្ណារ៉ា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
![](https://www.oknha.news/wp-content/uploads/2025/02/photo_2024-11-25_11-30-36-1024x682.jpg)
លោក វុឌ្ឍី វណ្ណារ៉ា ទទួលបានការតែងតាំងជា «អគ្គនាយក» នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រនេះ គឺជំនួសតំណែង លោក សួន សូផា ដែលបានចូលនិវត្តន៍ កាលខែមេសា ឆ្នាំ២០២៤។ ក្រោយការចូលនិវត្តន៍របស់លោកអគ្គនាយកចាស់ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចេញសេចក្តីសម្រេចប្រគល់ភារកិច្ចជូន លោក វុឌ្ឍី វណ្ណារ៉ា ជាអគ្គនាយករងទទួលបន្ទុកការងាររួម នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន (មុនទទួលបានការតែងតាំងជា អគ្គនាយក ពីព្រះមហាក្សត្រ)។
សូមជម្រាបថា លោក វុឌ្ឍី វណ្ណារ៉ា ត្រូវបានគេដឹងថា ជាថ្នាក់ដឹកនាំមួយរូបនៃក្រសួងរៀបចំដែនដី ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ខណៈដែលលោកបានកាន់តួនាទីជា អគ្គនាយករង នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ រយៈពេលជិត ១៥ឆ្នាំមកហើយ។ លោក វុឌ្ឍី វណ្ណារ៉ា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងជាអតីតសិស្សមន្ត្រី នៅសាលាភូមិន្ទរដ្ឋបាល ផងដែរ៕
![](https://www.oknha.news/wp-content/uploads/2025/02/photo_2025-02-06_10-43-37-724x1024.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/463996027_2632491506951806_5953945161491849334_n-1024x682.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/photo_2024-11-25_19-32-51-1024x682.jpg)