ក្រុមហ៊ុន BKD Academy ចុះ MoU ជាមួយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife Cambodia

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ, កម្ពុជា –នាថ្ងៃទី ០៤ ខែ​កុម្ភៈ ឆ្នាំ២០២៥ – ក្រុមហ៊ុន BKD Academy និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដោយចាប់ផ្តើមភាពជាដៃគូដ៏មានអត្ថន័យក្នុងការ ជួយលើកកម្ពស់អាជីវកម្មអោយកាន់តែមានភាពប្រសើរឡើង ពាក់ព័ន្ធនឹងជំនាញផ្នែកឌីជីថល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់អតិថិជន អ្នកសហគ្រិន និងយុវអ្នកដឹកនាំនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចាប់ដៃគូសហការនេះនឹងធានាបានថា BKD Academyនឹងគាំទ្រក្នុងការបង្កើនសមត្ថភាពបណ្តុះបណ្តាលដល់ អតិថិជនរបស់ ក្រុមហ៊ុន Manulife Cambodia ពាក់ព័ន្ធនឹងចំណេះដឹងផ្នែកឌីជីថលសម្រាប់អភិវឌ្ឍអាជីវកម្ម ខណៈពេលដែល Manulife Cambodia នឹងផ្តល់ ការធានារ៉ាប់រងផ្នែកហិរញ្ញវត្ថុ ដើម្បីរក្សាស្ថិរភាពអាជីវកម្មផងដែរ។ លើសពីនេះ អត្ថប្រយោជន៍នេះក៏នឹងជួយពង្រឹងដល់ បុគ្គលិក, ភ្នាក់ងារធានារ៉ាប់រង, និងអ្នកជំនាញផ្នែកធានារ៉ាប់រងផ្ទាល់ផងដែរ។

លោក​ យ៉ន សុភារិទ្ធ (Yorn Sophearith) អគ្គនាយក និងប្រធានផ្នែកបណ្តុះបណ្តាលនៃ BKD Academy បានមានប្រសាសន៍លើកឡើងថា៖ “ភាពជាដៃគូនេះ គឺជាជំហានដ៏សំខាន់មួយសម្រាប់ BKD Academy, យើងជឿជាក់ថា ការបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញ គឺជាគន្លឹះដ៏សំខាន់មួយសម្រាប់ភាពជោគជ័យក្នុងបរិបទសេដ្ឋកិច្ចឌីជីថលបច្ចុប្បន្ន។ កិច្ចសហការជាមួយ Manulife Cambodia នេះ គឺជាការផ្លាស់ប្តូរដ៏ធំមួយ ដែលមិនត្រឹមតែផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយពង្រឹងជំនាញឌីជីថល និងជំនាញដឹកនាំសម្រាប់បរិបទអាជីវកម្មក្នុងយុគសម័យថ្មីផងដែរ។ យើងមានកិត្តិយសក្នុងការចូលរួមចំណែកក្នុងបេសកកម្មរបស់ Manulife Cambodia ក្នុងការអភិវឌ្ឍន៍ វិស័យអាជីវកម្មប្រកបដោយគុណភាពខ្ពស់ក្នុងព្រះរាជាណាចក្រកម្ពុជា”។

ក្នុងឱកាសនេះផងដែរ លោក ចាន់ រដ្ឋា (Chan Rotha)  អគ្គនាយកនៃ Manulife Cambodia បានបញ្ជាក់ថា៖ “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំនាញឌីជីថល គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ភាពរឹងមាំ និងភាពជោគជ័យផ្នែកសេដ្ឋកិច្ចបច្ចុប្បន្ននេះ។ នៅ Manulife Cambodia យើងនឹងប្តេជ្ញាដើម្បីធានាផ្តល់នូវចំណេះដឹង និងសេវាកម្មដែលឥតខ្ចោះ ដើម្បីកសាងនូវអនាគតហិរញ្ញវត្ថុរបស់អតិថិជន អោយមានភាពរឹងមាំជាងមុន។ ការសហការជាមួយក្រុមហ៊ុន BKD Academyនេះផងដែរ នឹងធានាថារាល់អតិថិជនរបស់យើងគឺនឹងទទួលបានទាំងការអប់រំបំប៉នផ្នែកហិរញ្ញវត្ថុ និងជំនាញឌីជីថលព្រមគ្នាជាកញ្ចប់មួយ ដែលជាគ្រឿងផ្សំយ៉ាងសំខាន់នៃភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុប្រកបដោយគុណភាព និងភាពច្នៃប្រឌិតខ្ពស់”។

BKD Academyជឿជាក់ថាកិច្ចសហការនេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពផ្នែកឌីជីថលដល់ធនធានរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការផ្លាស់ប្តូរសង្គមជាតិឱ្យជឿនលឿន ពាក់ព័ន្ធជាមួយនឹងនិរន្តភាពសេដ្ឋកិច្ចផងដែរ។

អំពី Manulife Cambodia

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា គឺជា​ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ថ្នាក់ពិភពលោកដែលជួយឲ្យប្រជាជនសម្រេចចិត្តកាន់តែងាយស្រួល និងជីវិតកាន់តែប្រសើរ។ ក្រុមហ៊ុនមានការិយាល័យស្នាក់ការកណ្តាលជាសកល នៅទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា និងប្រតិបត្តិការអាជីវកម្មនៅបណ្តាលប្រទេសផ្សេងទៀតដូចជានៅតំបន់អាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក។​

ក្រុមហ៊ុនបាន​ចាប់ផ្តើមប្រតិបត្តិការអាជីវកម្មនៅកម្ពុជាចាប់តាំងពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១២ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនមានការប្តេជ្ញាចិត្តក្នុងការកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរឡើងជូន​គ្រួសារ​កម្ពុជា ជាពិសេស ដើរតួនាទី​ជាដៃគូនៃភាពរីកចម្រើនសម្រាប់អតិថិជនជាង 100,000​ នាក់​ដែលកំពុងផ្តល់ទំនុក​ចិត្តមកកាន់ក្រុមហ៊ុន។​

🌐 ព័ត៌មានទំនាក់ទំនងបន្ថែម៖ www.manulife.com | ☎️ ទំនាក់ទំនង៖ 1800 211 211

អំពី BKD Academy

BKD Academy គឺជាក្រុមហ៊ុនបណ្តុះបណ្តាល និងអភិវឌ្ឍអាជីព ដែលផ្តោតក្នុងការផ្តល់នូវជំនាញឌីជីថលសម្រាប់ភាពជោគជ័យក្នុងបរិបទយុគទំនើបនេះ។ BKD Academy ផ្តោតសំខាន់លើការបណ្ដុះអាជីវកម្ម ជំនាញផ្សព្វផ្សាយ ការធ្វើទីផ្សារតាមបែបឌីជីថល ការលក់តាមឌីជីថល  ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព។ ការបណ្តុះបណ្ដាលមានទាំងនៅលើគេហទំព័រដែលអាចចូលរៀនបានគ្រប់ពេល និងមានជាលក្ខណៈមេរៀនតាមតម្រូវការដែលរៀបចំនិងបណ្ដុះបណ្ដាលឡើងនៅក្នុងអង្គភាពផ្ទាល់តែម្ដង។

🌐 ព័ត៌មានទំនាក់ទំនងបន្ថែម៖ www.bkdacademy.com | ទំនាក់ទំនង៖ +855 89 299 909