កម្ពុជា ជំរុញឱ្យអារ៉ាប៊ីសាអូឌីត វិនិយោគកែឆ្នៃផលិតផលហាឡាល់ សម្រាប់ការនាំចេញ

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានជំរុញ និងលើកទឹកចិត្តឱ្យអារ៉ាប៊ីសាអូឌីត ងាកមកវិនិយោគកែឆ្នៃផលិតផលហាឡាល់នៅកម្ពុជា សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិសំដៅជួយពង្រីកការបើកទីផ្សារផលិតផលកម្ពុជាបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជំរុញនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក Hisham bin Saad Aljadhey នាយកប្រតិបត្តិនៃអាជ្ញាធរចំណីអាហារ និងឱសថរបស់អារ៉ាប៊ីសាអូឌីត (Saudi Food and Drug Authority) ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

លោកស្រី ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុវត្ថិភាព និងស្តង់ដារម្ហូបអាហារ ឱសថ និងរបស់ប្រើប្រាស់។ ក្នុងនោះដែរ លោកស្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តភាគីអារ៉ាប៊ីសាអូឌីត ឱ្យពិចារណាលើការវិនិយោគកែឆ្នៃផលិតផលហាឡាល់ សម្រាប់ការនាំចេញ សំដៅជួយជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។

សូមរម្លឹកដែរថា ក្នុងរយៈពេល៦ខែឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានប្រមាណ ២៦ពាន់លានដុល្លារ កើនឡើង១២,៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

របាយការណ៍ដដែលបន្ថែមថា ក្នុងឆមាសទី១ឆ្នាំ២០២៤កន្លងទៅនេះដែរ កម្ពុជាអាចរកចំណូលពីការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិបានចំនួនប្រមាណ ១២,២ពាន់លានដុល្លារ កើនឡើង១២.៦% ហើយនាំចូលមកវិញក្នុងទំហំទឹកប្រាក់ប្រមាណ ១៣,៧ពាន់លានដុល្លារ កើនឡើង ១២.៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

យាងណាមិញ ក្រសួងពាណិជ្ជកម្ម បានអះអាងថា ការបើកទីផ្សារអន្តរជាតិ គឺជារឿងចាំបាច់ដែលគួរយកចិត្តទុកដាក់បំផុត ខណៈការជំរុញវិនិយោគលើវិស័យកសិកម្មពីប្រទេសនានាក៏ជារឿងដែលត្រូវយកចិត្តទុកដាក់ខ្ពស់ផងដែរ៕ អត្ថបទ៖ ហ្សាលីន