កូរ៉េខាងត្បូង ហាមឃាត់ក្រសួង និងស្ថាប័នរដ្ឋជាច្រើន មិនឲ្យចូលទៅប្រើប្រាស់ DeepSeek លើកុំព្យូទ័រ

អន្តរជាតិ

រដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ខ្លួនកំពុងរារាំងការចូលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត DeepSeek លើកុំព្យូទ័ររបស់ក្រសួង និងស្ថាប័នរដ្ឋជាច្រើន ជុំវិញការព្រួយបារម្ភអំពីបញ្ហាសន្តិសុខជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការព្រួយបារម្ភនេះ ស្ថាប័នប៉ូលីសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានបិទការចូលទៅប្រើប្រាស់ DeepSeek ទាំងស្រុង ស្របពេលក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ផងដែរថា ការចូលទៅប្រើប្រាស់បច្ចេកវិទ្យា AI នេះ ត្រូវបានរឹតបន្តឹងជាបណ្តោះអាសន្នលើកុំព្យូទ័រទាំងអស់របស់ខ្លួន។

ទន្ទឹមនឹងនេះ ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង នៅថ្ងៃដដែលនោះ ក៏បានប្រកាសថា ខ្លួននឹងបិទ DeepSeek មិនឲ្យប្រើលើកុំព្យូទ័រ ដែលភ្ជាប់ជាមួយព័ត៌មានសំខាន់ៗ ដើម្បីទប់ស្កាត់ការបែកធ្លាយព័ត៌មានសំខាន់ណាមួយ។

គួរឲ្យដឹងផងដែរថា កូរ៉េខាងត្បូង រួមជាមួយនឹងរដ្ឋាភិបាលប្រទេសផ្សេងទៀត ដូចជាបារាំង និងអ៊ីតាលី បានសួរសំណួរអំពីការអនុវត្តទាក់ទងទៅនឹងការទាញយកទិន្នន័យរបស់ DeepSeek ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសចិន ដោយដាក់សំណើជាលាយលក្ខណ៍អក្សរសម្រាប់ព័ត៌មានលម្អិតស្តីពីរបៀបដែលក្រុមហ៊ុននេះគ្រប់គ្រងព័ត៌មានលើអ្នកប្រើប្រាស់។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពី DeepSeek បរាជ័យក្នុងការឆ្លើយតបទៅនឹងការស៊ើបអង្កេតពីក្រុមអ្នកឃ្លាំមើលទិន្នន័យរបស់ប្រទេសកូរ៉េខាងត្បូង ក្រសួងមួយចំនួនបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេកំពុងចាត់វិធានការដើម្បីកំណត់ការចូលប្រើដើម្បីការពារការលេចធ្លាយព័ត៌មានរសើបណាមួយ តាមរយៈសេវាកម្ម AI ជំនាន់ថ្មីចុងក្រោយនេះ។

​ជម្រាបជូនផងដែរថា DeepSeek ជាប្រព័ន្ធបញ្ញាសិប្បនិម្មិតមួយ ដែលត្រូវបានដាក់ឲ្យប្រើប្រាស់នៅពេលថ្មីៗ ដោយឥតគិតថ្លៃ ខណៈក្រុមហ៊ុនចិន បានចំណាយថវិកាត្រឹមតែជាង ៦លានដុល្លារប៉ុណ្ណោះ ដើម្បីបង្កើតកម្មវិធី AI ថ្មីដ៏មានសមត្ថភាពនេះឡើង៕