ចិន នៅតែរក្សាភាពនាំមុខឈរលំដាប់ទី១ ជាវិនិយោគិនដែលបណ្ដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេសម្រាប់ខែ មករាឆ្នាំ២០២៥។នេះបើតាមប្រភពរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាទទួលបានទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារអាមេរិក ក្នុងនោះមានប្រភពទុនវិនិយោគពីប្រទេសចិនប្រមាណ ៧៣,៣៥ភាគរយ ឬប្រមាណជា ៥៤៨លានដុល្លារអាមេរិក។
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៦៨គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីមានចំនួន ៦៤គម្រោង និងគម្រោងពង្រីកផលិតកម្មមានចំនួន៤គម្រោង ដែលគម្រោងទាំងនេះ មានទុនវិនិយោគចំនួន ៧៤៨លានដុល្លារ ។
ក្នុងចំណោមគម្រោងវិនិយោគទាំង៦៨គម្រោង ជាគម្រោងក្នុងវិស័យឧស្សាហកម្ម ដោយក្នុងនោះខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគច្រើនជាងគេ ដែលមានរហូតដល់១៩គម្រោង បន្ទាប់មកខេត្តស្វាយរៀង មានចំនួន១៣គម្រោង ភ្នំពេញ១០គម្រោង ព្រះសីហនុ៩គម្រោងកោះកុង៨គម្រោង តាកែវ៤គម្រោងនិងខេត្តមួយចំនួនទៀតទទួលបានគម្រោងវិនិយោគតែ១គម្រោងៗប៉ុណ្ណោះ ។
ក្រៅពីប្រភពទុនដែលបានមកពីប្រទេសចិននៅក្នុងខែមករាកន្លងទៅនេះដែរ ក៏មានប្រភពទុនក្នុងស្រុកប្រមាណ ១៣,១៧ភាគរយក្នុងចំណោមប្រភពទុនសរុប ទុនមកពីប្រទេសវៀតណាមប្រមាណ ៥,៥២ភាគរយ មកពីពីកោះ Cayman ប្រមាណ ៣,២៨ភាគរយ និងប្រទេសមួយចំនួនទៀតដូចជាប្រទេសអង់គ្លេស ប្រទេសសិង្ហបុរី អាមេរិក អូស្ត្រាលី ម៉ាឡេស៊ីជាដើម៕

