វិធានការពន្ធសងសឹករបស់ចិន អាចជំរុញឲ្យការនាំចេញប្រេងឆៅរបស់អាមេរិកធ្លាក់ចុះ នៅឆ្នាំនេះ

អន្តរជាតិ

យោងតាមក្រុមអ្នកវិភាគជាច្រើន បានបង្ហាញឲ្យដឹងថា សង្រ្គាមពាណិជ្ជកម្មដែលកំពុងកើតឡើងរវាងសហរដ្ឋអាមេរិក និងចិន អាចជំរុញឱ្យការនាំចេញប្រេងឆៅរបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២៥ ធ្លាក់ចុះ ជាលើកដំបូងគិតចាប់តាំងពីមានជំងឺរាតត្បាតកូវីដ-១៩ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទស្សនវិស័យនោះ ហាក់កំពុងឆ្លុះបញ្ចាំងពីផលវិបាកដែលមិននឹកស្មានដល់នៃគោលនយោបាយគាំពារនិយមរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលកំពុងដំណើរការប្រឆាំងនឹងការប្តេជ្ញារបស់រដ្ឋបាលរបស់លោក ក្នុងការបង្កើនផលិតកម្មប្រេង និងឧស្ម័នកម្រិតខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក។

គួរឲ្យដឹងថា សហរដ្ឋអាមេរិកបានរីកចម្រើនក្លាយជាប្រទេសនាំចេញប្រេងឆៅធំជាងគេបំផុតទី៣ របស់ពិភពលោកបន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ចាប់តាំងពីខ្លួនបានលុបចោលច្បាប់ហាមឃាត់របស់សហព័ន្ធ លើការនាំចេញប្រេងក្នុងស្រុក នៅក្នុងឆ្នាំ២០១៥ មក។

អ្នកវិភាគប្រចាំក្រុមហ៊ុន Kpler លោក Matt Smith បាននិយាយថា ចិនរួម​ចំណែកគួរឲ្យកត់សម្គាល់លើការនាំចេញរបស់សហរដ្ឋអាមេរិក​ ខណៈតម្រូវការអន្តរជាតិសម្រាប់ប្រេងឆៅរបស់អាមេរិក អាច​នឹង​កើន​ដល់កម្រិតកំពូលរួចហើយ​។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញការដាក់ចេញ​ពន្ធ​សងសឹក​របស់​ចិន​ ក្នុងពេលរយ:ពេលចុងក្រោយនេះ អាច​ធ្វើ​ឲ្យការនាំចេញ​ប្រេង​របស់​អាមេរិកធ្លាក់ចុះវិញ​កាន់តែលឿន។

ទន្ទឹមនឹងនេះ លោក Rohit Rathod អ្នកវិភាគជាន់ខ្ពស់នៃក្រុមហ៊ុន Vortex បាននិយាយផងដែរថា លោករំពឹងថាការនាំចេញប្រេងសរុបរបស់សហរដ្ឋអាមេរិកនឹងធ្លាក់ចុះមកនៅត្រឹម ៣,៦លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងឆ្នាំ២០២៥ នេះ ពោលគឺធ្លាក់ចុះពី ៣,៨ លានបារ៉ែលក្នុងមួយថ្ងៃ កាលពីឆ្នាំមុន។

គួរឲ្យដឹងថា ប្រទេសចិនប្រើប្រាស់ប្រេងឆៅរបស់សហរដ្ឋអាមេរិកប្រហែល ១៦៦ ០០០ បារ៉ែលជារៀងរាល់ថ្ងៃ ពោលគឺស្មើទៅនឹងប្រហែល ៥% នៃទំនិញនាំចេញរបស់សហរដ្ឋអាមេរិកទាំងអស់។ ប៉ុន្តែទោះជាយ៉ាងណាផលិតផលអាមេរិកទាំងនោះ អាចនឹងត្រូវចិនផ្លាស់ប្តូរចិត្ត ឬត្រូវបង្វែរទៅរកទីផ្សារផ្សេងទៀត បន្ទាប់ពីទីក្រុងប៉េកាំងបានប្រកាសពន្ធសងសឹកទៅលើរដ្ឋបាលរបស់លោក ត្រាំ វិញក្នុងសប្តាហ៍នេះ។

ជម្រាបជូនផងដែរថា ប្រទេសចិន បានបង្កើនការនាំចូលប្រេងពីប្រទេសកាណាដាយ៉ាងច្រើន រហូតដល់ទៅ ៥ សែនបារ៉ែល កាលពីឆ្នាំមុន ស្របពេលចំណង់​ចំណូល​ចិត្ត​របស់​ចិន​សម្រាប់​ប្រេង​អាមេរិក​ក៏​បាន​ធ្លាក់​ចុះ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ដោយ​សារ​រដ្ឋាភិបាលទីក្រុងប៉េកាំង បានងាកទៅទិញប្រេង​បញ្ចុះ​តម្លៃ​​ពី​រុស្ស៊ី និង​អ៊ីរ៉ង់ ជំនួសវិញផងដែរ៕