កម្ពុជា-ជប៉ុន រួមគ្នាដោះស្រាយបញ្ហានីតិវីធីគយ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មជូនធុរជន

សង្គម​ និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និងសមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) បានបើកកិច្ចពិភាក្សារួមគ្នា ពាក់ព័ន្ធនឹងការផ្ដល់កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើសាមញ្ញកម្មនីតិវីធីគយ​ សំដៅផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មជូនធុរជនជាតិ និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំពិភាក្សានេះ បានធ្វើឡើងកាលថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកនផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង លោក TABEI Hideaki ប្រធានសមាគមធុរកិច្ចជប៉ុននៅកម្ពុជា(JBAC) ដោយមានការចូលរួមតំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករ។

នាឱកាសនោះ លោក ផា អេងវ៉េង បានឱ្យដឹងថា កិច្ចប្រជុំនេះ ភាគីទាំងពីរ បានផ្តោតលើវឌ្ឍនភាពការងាររបស់ អគរ ក្នុងការធ្វើទំនើបកម្ម និងសាមញ្ញកម្មនីតិវិធីគយ សំដៅផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មជូនធុរជនឱ្យកាន់តែប្រសើរ។

ជាមួយគ្នានេះ លោក TABEI Hideaki បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អគរ ដែលបានដាក់ចេញនូវវិធានការជាបន្ដបន្ទាប់ឆ្លើយតបបញ្ហាដែលបានលើកឡើងដោយ JBAC នាពេលកន្លងមក ប្រកបដោយប្រសិទ្ធភាព និងការរៀបចំកិច្ចប្រជុំពិភាក្សានាថ្ងៃនេះ ដើម្បីបន្ដស្វែករកដំណោះស្រាយសំដៅកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជាបន្ថែមទៀត។

សូមបញ្ជាក់ដែរថា នៅក្នុងកិច្ចប្រជុំននេះ កម្ពុជា-ជប៉ុន បានពិភាក្សាលើបញ្ហា និងសំណូមពរចំនួន ៣ ពាក់ព័ន្ធនីតិវិធីគយរួមមាន ការអនុវត្ដនីតិវិធីបំពេញបែបបទគយ និងការជំរុញបើកដំណើរការជាផ្លូវការមាត់ច្រកស្ទឹងបត់-បានណងអៀន ការធ្វើទំនើបកម្មនិងសាមញ្ញកម្មនីតិវិធីគយ និងវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។

បន្ថែមពីនេះ កម្ពុជា-ជប៉ុន ក៏បានបេ្តជ្ញាចិត្តបន្តពង្រឹងកិច្ចសហការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងគោលដៅសម្រួលពាណិជ្ជកម្ម កែលម្អបរិយាកាសធុរកិច្ច ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង៕អត្ថបទ៖ហ្សាលីន