រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅក្នុងពេលថ្មីៗនេះ ត្រូវបានគេបង្ហាញឲ្យដឹងថា នឹងកាត់បន្ថយបុគ្គលិករបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ USAID មកនៅតិចជាង ៣០០ នាក់ចេញ ពីចំនួនបុគ្គលិកសរុបជាង ១០ ០០០ នាក់នៅជុំវិញពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា បច្ចុប្បន្ននេះ ទីភ្នាក់ងារ USAID នៅសល់បុគ្គលិកធ្វើការត្រឹមតែ ២៩៤ នាក់ប៉ុណ្ណោះ នៅទូទាំងពិភពលោក រួមទាំងបុគ្គលិកចំនួន ១២ នាក់ នៅការិយាល័យអាហ្វ្រិក និង ៨ នាក់ផ្សេងទៀត នៅក្នុងការិយាល័យអាស៊ី។
ជុំវិញការកាត់បន្ថយចំនួនបុគ្គលិកនេះ អតីតអ្នកគ្រប់គ្រងទីភ្នាក់ងារ USAID លោក J. Brian Atwood បាននិយាយថា នេះគឺជារឿងមិនសមហេតុផលទាល់តែទោះ ដោយលោកបានបន្ថែមទៀតថា ការកាត់បន្ថយយ៉ាងច្រើនចំពោះកម្លាំងការងាររបស់ USAID នេះ គឺនឹងស្មើនឹងការសម្លាប់ទីភ្នាក់ងារដែលគាំទ្រមនុស្សរាប់សិបលាននាក់នៅជុំវិញពិភពលោ។ USAID មានបុគ្គលិកសរុបជាង ១០ ០០០ នាក់នៅទូទាំងពិភពលោក ហើយ ប្រហែល ២ភាគ៣ នៃបុគ្គលិកទាំងនោះ គឺនៅខាងក្រៅសហរដ្ឋអាមេរិក។
ប្រភពដែលដឹងអំពីបញ្ហានេះ បាននិយាយទៀតថា បុគ្គលិករបស់ USAID មួយចំនួនបានចាប់ផ្តើមទទួលបានការជូនដំណឹងអំពីការបញ្ឈប់ការងាររបស់ពួកគេរួចហើយ។ គិតត្រឹមទី៧ ខែកុម្ភៈ បុគ្គលិក USAID ដែលធ្វើការដោយផ្ទាល់ទាំងអស់នៅទូទាំងពិភពលោកនឹងបញ្ឈប់ពីការងារ លើកលែងតែបុគ្គលិកសំខាន់ៗក្នុងបេសកកម្ម អ្នកដឹកនាំសំខាន់ៗ និងមន្ត្រីសម្រាប់កម្មវិធីពិសេសៗមួយចំនួនប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យបន្តការងាររបស់ពួកគេ។
ជម្រាបជូនផងដែរថា USAID ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៦១ ហើយត្រូវបានចាត់ទុកថាជាទីភ្នាក់ងារដែលផ្តល់ជំនួយធំជាងគេបំផុតរបស់ពិភពលោក ហើយមានថវិកាសរុបជិត ៤៣ពាន់លានដុល្លារ ត្រូវបានផ្តល់ជូនតាមរយ:ការផ្តល់ជំនួយមនុស្សធម៌ និងជំនួយអភិវឌ្ឍន៍ជាច្រើននៅជុំវិញពិភពលោក។ USAID ផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសជាង ១០០ រួមទាំងជំនួយសង្គ្រោះលើបញ្ហាគ្រោះមហន្តរាយ ជំនួយផ្នែកវេជ្ជសាស្រ្ត និងសុខភាព និងជំនួយស្បៀងអាហារសង្គ្រោះបន្ទាន់ ជាដើម៕