លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងសមាគមសិល្បករខ្មែរ ជាមួយនឹងវិចិត្រសាលសិល្បៈអង្គរ ក្នុងគោលបំណងរួមគ្នាធ្វើការផ្សព្វផ្សាយ អភិវឌ្ឍន៍ និងអភិរក្សសិល្បៈវប្បធម៌កម្ពុជា ពិសេសផ្តោតសំខាន់លើការជម្រុញវិស័យសិល្បៈគំនូរកម្ពុជា កាន់តែមានកិត្តិសព្ទនៅលើឆាកអន្តរជាតិ។
![](https://www.oknha.news/wp-content/uploads/2025/02/img_6281-1.jpg)
នាឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន មានប្រសាសន៍ថា លោកជំទាវពិតជាមានក្តីសោមនស្សរីករាយជាពន់ពេក ដែលបានចាប់ដៃសហការគ្នាជាលក្ខណៈជាតិ និង អន្តរជាតិជាមួយនឹងវិចិត្រសាលសិល្បៈអង្គរ ក្នុងគោលបំណងរួមគ្នា ធ្វើការផ្សព្វផ្សាយ អភិវឌ្ឍន៍ និងអភិរក្សសិល្បៈវប្បធម៌កម្ពុជា តាមរយៈស្លាកសញ្ញា «The Icons of Cambodia Fine Art Series »។
លោកជំទាវអ្នកឧកញ៉ាប្រធានសមាគម បានគូសបញ្ជាក់ថា៖ «ពួកយើងនឹងធ្វើការរួមគ្នាដើម្បីនាំយកស្នាដៃវិចិត្រករ កម្ពុជារបស់យើង ទៅបង្ហាញនៅលើឆាកជាតិ និងអន្តរជាតិ»។
ជាមួយគ្នានោះលោក Bernard Teo សហស្ថាបនិកវិចិត្រសាលសិល្បៈអង្គរ បានចាត់ទុកការចាប់ដៃចុះអនុស្សរណៈនៃពិព័រណ៍ សិល្បៈគំនូរ “រូបតំណាងកម្ពុជា” នាឱកាសនេះថា ព្រឹត្តិការណ៍នេះជាការអបអរសាទរនៃភាពសម្បូរបែបនៃសិល្បៈ វប្បធម៌ និងការច្នៃប្រឌិតរបស់កម្ពុជា។ នេះក៏ជាការចាប់ផ្តើមនៃដំណើរដ៏គួរឱ្យរំភើបមួយដើម្បីបង្ហាញពីទេពកោសល្យមិនធម្មតានៃវិចិត្រករជាតិ និងវិចិត្រករអន្តរជាតិដែលទាញទឹកចិត្តពីមរតកសិល្បៈដ៏សម្បូរបែបរបស់កម្ពុជា។ ហើយនេះក៏ជាការតាំងពិព័រណ៌របស់វិចិត្រសាលសិល្បៈអង្គរ ដែលមានមោទនភាពក្នុងការបង្ហាញការប្រមូលផ្ដុំរូបតំណាងកម្ពុជា ដែលកម្រងស្នាដៃគំនូរសិល្បៈបែបខ្មែរដែលបង្កើតឡើងដោយវិចិត្រករជាតិ និងអន្តរជាតិ។ ការប្រមូលផ្តុំនេះនឹងត្រូវដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍សិល្បៈអន្តរជាតិ ដោយណែនាំសិល្បៈខ្មែរទៅទស្សនិកជនជុំវិញពិភពលោក។
បើតាមសមាគមសិល្បករខ្មែរ បានឲ្យដឹងថា តាមរយៈការចាប់ដៃគ្នាដ៏រីករាយរវាងភាគីទាំងពីរ ទាំងលោកជំទាវអ្នកឧកញ៉ាប្រធានសមាគម និងលោក Bernard Teo បានរំពឹងយ៉ាងមុតមាំថា៖
១. នឹងអាចរួមគ្នាលើកតម្កើងស្នាដៃសិល្បៈគំនូរកម្ពុជាឱ្យកាន់លេចធ្លោរជាងមុន។
២. នឹងក្លាយជាចំណែកមួយជួយលើកទឹកចិត្តដល់វិចិត្រករក្នុងអាជីពនេះបន្ថែម ជួយរួមចំណែកក្នុងជីវភាពរបស់ពួកគាត់, ធ្វើឱ្យមានភាពសម្បូរបែប និងរស់រវើកនៃសិល្បៈគំនូរនៅកម្ពុជា។
៣. នឹងអាចជំរុញការផ្សព្វផ្សាយប្រភេទស្នាដៃសិល្បៈគំនូរដែលពោរពេញដោយទេពកោសល្យ និង ការច្នៃប្រឌិតខ្ពស់របស់វិចិត្រករ កម្ពុជា កាន់តែទូលំទូលាយនៅលើឆាកជាតិ និងអន្តរជាតិ។
៤. សង្ឃឹមថាអនុស្សរណៈនេះ នឹងក្លាយជាវេទិកាមួយអាចនាំយកនូវភាពស្រស់ស្អាត ថ្កុំថ្កើងនៃសិល្បៈវប្បធម៌កម្ពុជាទៅកាន់ពិភពលោក ហើយតាមរយៈស្នាដៃគំនូរដ៏ល្អវិចិត្ររបស់សិល្បករកម្ពុជា ក៏នឹងក្លាយជាចំណែកមួយជួយផ្សព្វផ្សាយពីសិល្បៈវប្បធម៌ និង វិស័យទេសចរណ៍កម្ពុជាផងដែរ។
៥. រំពឹងថានឹងបើកឱកាសឱ្យវិចិត្រករកម្ពុជា និងបរទេសកាន់តែមានពេលស្វែងយល់ និង ផ្លាស់ប្តូរបទពិសោធគ្នាកាន់តែច្រើនជាងមុន ហើយប្រែក្លាយទីផ្សារផ្នែកវិចិត្រសាលទៅជាមជ្ឈមណ្ឌលវប្បធម៌ដ៏ធំ នាពេល អនាគត៕
![](https://www.oknha.news/wp-content/uploads/2025/02/img_6282-1.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/img_6283-1.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/img_6284-1.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/img_6285-1.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/img_6286-1.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/img_6287-1.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/img_6288-1.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/img_6289-1.jpg)