ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សាងសង់បាន១៩ %ហើយ

សង្គម​ និង​សេដ្ឋកិច្ច

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន១៩ %ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបន្តថា បច្ចុប្បន្នការងារសម្រេចបាន៖ ១/ផ្នែកគ្រឺះស្ពាន សម្រេចបានប្រមាណ ៤៦,៦៦% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម ចាក់បេតុងរួចចំនួន ៦៩ដើម ២០ជើងតាង សម្រេចបានចំនួន ៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម។ ២/រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១.៥% រួមមាន៖ តួសរសរស្ពាន១២  សម្រេចបានចំនួន៦សរសរ សរសរស្ពាន ៥២ សម្រេចបាន១៦ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ នៅដើមឆ្នាំ២០២៥នេះ កំពុងរៀបចំដំណើរការខួង និងចាក់សសរគ្រឹះ នៅត្រើយខាងលិចទន្លេ។ រយៈពេលសាងសង់គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបាន ១១ខែហើយ ស្មើនឹង ២៦,១៩% នៃផែនការសាងសង់៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ។

សូមជម្រាបថា គម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា ស្ថិតនៅចន្លោះស្ពានមុនីវង្ស និងស្ពានព្រែកសំរោង។ គម្រោងទី១ តភ្ជាប់ត្រង់ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម និងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា។ ស្ពាននេះ ចាប់បន្តពីមហាវិថីអ្នកឧកញ៉ា ហ៊ុន នាង ឆ្លងកាត់ផ្លូវជាតិលេខ២ ផ្លូវទទឹង៧ម៉ែត្រ ជាប់ខាងជើងវត្តចាក់អង្រែក្រោម ទន្លេបាសាក់ ផ្លូវលេខ៣៦៩ និងតភ្ជាប់ គម្រោងផ្លូវ៣០-៥០ម៉ែត្រ មានប្រវែងសរុបប្រមាណ ៨៨៧ម៉ែត្រ។

ចំណែកគម្រោងទី២ តភ្ជាប់ត្រង់ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម និងភូមិអូអណ្តូង សង្កាត់ព្រែកប្រា ហើយត្រូវស្ថាបនាបន្ចាប់តពីគម្រោងផ្លូវ ៥០-៦០ម៉ែត្រ ផ្លូវអ្នកឧកញ៉ា ហ៊ុន នាង ឆ្លងកាត់ផ្លូវជាតិលេខ២ ទន្លេបាសាក់ ផ្លូវលេខ៣៦៩ និងតភ្ជាប់ទៅគ្រោងផ្លូវ៥០-៦០ម៉ែត្រ ដែលមានប្រវែង៩០០ម៉ែត្រ៕

គម្រោងស្ពានឆ្លងទន្លេបាសាក់-ចាក់អង្រែក្រោម សាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ,ទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។ស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅផងដែរ៕