មហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោក Elon Musk បាននិយាយយ៉ាងច្បាស់ថា លោកនឹងមិនចាប់អារម្មណ៍ក្នុងការទិញយក TikTok ដែលជាកម្មវិធីវីដេអូកម្សាន្តខ្លីដ៏ពេញនិយម និងកំពុងត្រូវបានសហរដ្ឋអាមេរិកព្យាយាមចេញច្បាប់ហាមឃាត់ ជុំវិញបញ្ហាសន្តិសុខជាតិជាមួយក្រុមហ៊ុនមេ ByteDance ដែលមានមូលដ្ឋាននៅចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
រម្លឹកផងដែរថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា លោកនឹងបើកដៃឲ្យ Elon Musk ទិញយកកម្មវិធីដែលគ្រប់គ្រងដោយ ByteDance នៅពេលណាមួយ ប្រសិនបើគាត់ចង់ធ្វើដូច្នេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជាការឆ្លើយតបទៅវិញ នៅចុះសប្តាហ៍មុនកន្លងទៅ លោក Musk បានបញ្ជាក់យ៉ាងច្បាស់ថា ៖”ខ្ញុំមិនបានដាក់ដេញថ្លៃសម្រាប់ការទិញយក TikTok ទេ”។
ទន្ទឹមនឹងនេះ លោក Musk បាននិយាយទៀតថា ៖”ខ្ញុំគ្មានគម្រោងសម្រាប់អ្វីដែលខ្ញុំនឹងត្រូវធ្វើ ប្រសិនបើខ្ញុំទិញបាន TikTok នោះឡើយ។ ខ្ញុំមិនស្ទាក់ស្ទើរក្នុងការទិញ TikTok នោះទេ បើសិនវាក្រុមហ៊ុនធម្មតា ព្រោះថាជាទូទៅខ្ញុំកម្រទិញក្រុមហ៊ុនធម្មតាខ្លាំងណាស់”។
ជាមួយគ្នានេះ ស្ថាបនិកក្រុមហ៊ុន Tesla រូបនេះ បានបន្ថែមថា ការទិញយកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ដែលឥឡូវនេះត្រូវបានប្តូរឈ្មោះទៅជា X ត្រូវបានចាត់ទុកថាជារឿងមិនធម្មតា។ លោក Musk ក៏បានសង្កត់ធ្ងន់ផងដែរថា ជាធម្មតា ខ្ញុំចូលចិត្តបង្កើតក្រុមហ៊ុនតាំងតែពីដំបូង។
ជម្រាបជូនផងដែរថា ByteDance ត្រូវបានផ្តល់ថ្ងៃផុតកំណត់កាលពីខែមករា ដើម្បីលក់កម្មវិធី TikTok របស់ខ្លួននៅសហរដ្ឋអាមេរិក ឬមួយត្រូវប្រឈមនឹងការហាមឃាត់ទាំងស្រុង បន្ទាប់ពីមានការព្រួយបារម្ភរបស់សមាជិកសភាថាកម្មវិធីនេះ អាចបង្កហានិភ័យសន្តិសុខជាតិ ដោយសារតែប្រទេសចិនអាចបង្ខំក្រុមហ៊ុននេះឲ្យចែករំលែកទិន្នន័យរបស់អ្នកប្រើនៅសហរដ្ឋអាមេរិក។ ជុំវិញបញ្ហានេះ TikTok បានបដិសេធថាខ្លួនមិនមាន ឬមិនធ្លាប់ចែករំលែកទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកម្តងណានោះឡើយ។
ជុំវិញការហាមឃាត់នេះ លោក ត្រាំ បាននិយាយថា លោកកំពុងពិភាក្សាជាមួយមនុស្សជាច្រើនជុំវិញការទិញ TikTok ហើយទំនងជានឹងមានការសម្រេចចិត្តលើអនាគតរបស់កម្មវិធីដែលកំពុងមានអ្នកប្រើប្រាស់អាមេរិកដល់ទៅ ១៧០ លាននាក់ នៅក្នុងខែនេះ៕