ប្រធានរដ្ឋសភាកម្ពុជា ស្នើដល់ប្រទេសរុស្ស៊ី ពិនិត្យលទ្ធភាពក្នុងការភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានស្នើដល់ ប្រទេសរុស្ស៊ី ពិនិត្យលទ្ធភាពនៅក្នុងការភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ជាពិសេសការពង្រីកវិស័យទេសចរណ៍ ដែលប្រទេសទំាងពីរមានសក្តានុពលដូចៗគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើបែបនេះរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី បានបញ្ជាក់ថាទំនាក់ទំនងការទូតកម្ពុជានិងរុស្ស៊ី បានឈានដល់ខួបលើកទី៦៩នៅឆ្នាំ២០២៥នេះ ជាទំនាក់ទំនាក់ឈរលើមិត្តភាព ភាពស្មោះត្រង់ ការជឿទុកចិត្តគ្នា និងមានការយោគយល់គ្នាទៅវិញទៅមក ដោយបាននាំមកនូវផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទំាងសងខាង។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានចាត់ទុកថា បេសកកម្មការទូតរបស់លោកឯកអគ្គរដ្ឋទូត នៅកម្ពុជា ពិតជាមានសារសំខាន់ មិនត្រឹមតែរួមចំណែកដល់ការពង្រឹង ពង្រីកទំនាក់ទំនង ចំណងមិត្ដភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងសកលលោកថែមទៀតផង។

សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណប្រទេសរុស្ស៊ី ដែលតែងតែជួយគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា តាំងពីសម័យអតីតសហភាពសូវៀតមក។

ជាមួយគ្នានេះ សម្តេចក៏បានស្នើដល់ ប្រទេសរុស្ស៊ី ពិនិត្យលទ្ធភាពនៅក្នុងការភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ជាពិសេសការពង្រីកវិស័យទេសចរណ៍ ដែលប្រទេសទំាងពីរមានសក្តានុពលដូចៗគ្នា។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងរុស្សី កាលពីឆ្នាំ២០២៤កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានស្នើទៅកាន់ឯកអគ្គរដ្ឋទូត​រុស្ស៊ីប្រចាំកម្ពុជា ផងដែរឱ្យមានការតភ្ជាប់ជើងហោះហើរពីរុស្សីមកកម្ពុជា ខណៈឯកអគ្គរដ្ឋទូត​រុស្ស៊ី បានគូសបញ្ជាក់ថា ចំនួន​ភ្ញៀវ​ទេសចរ​រុស្ស៊ី​មក​កម្ពុជា​មាន​ការ​កើន​ឡើង​ជា​បន្តបន្ទាប់ ហើយ​រុស្ស៊ី​នឹង​ពិចារណា​ឱ្យ​មាន​ជើង​ហោះហើរ​ផ្ទាល់​ពី​រុស្ស៊ី​មក​កាន់​កម្ពុជា ដើម្បី​បង្កើន​ការ​ផ្លាស់ប្ដូរ​អ្នក​ទេសចរ​រវាង​ប្រទេស​ទាំងពីរ៕