រុស្ស៊ី បានឈានមុខគេជួយកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្ស

សង្គម​ និង​សេដ្ឋកិច្ច

ប្រទេសរុស្ស៊ី តែងតែជួយគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា តាំងពីសម័យអតីតសហភាពសូវៀតមក។ រុស្ស៊ីបានឈានមុខគេជួយកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្ស ដោយមកដល់ពេលនេះ មាននិស្សិតកម្ពុជាប្រមាណ៨ពាន់នាក់បានទៅសិក្សានៅប្រទេសរុស្ស៊ី។នេះបើតាមការលើកឡើងរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី បានលើកឡើងថា ទំនាក់ទំនងការទូតកម្ពុជានិងរុស្ស៊ី បានឈានដល់ខួបលើកទី៦៩នៅឆ្នាំ២០២៥នេះ ជាទំនាក់ទំនាក់ឈរលើមិត្តភាព ភាពស្មោះត្រង់ ការជឿទុកចិត្តគ្នា និងមានការយោគយល់គ្នាទៅវិញទៅមក ដោយបាននាំមកនូវផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទំាងសងខាង។

លោកបានបន្តថា ក្រោយជំងឺកូវីដ-១៩ បានធូរស្រាលកម្ពុជានិងរុស្ស៊ី គួរភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយគ្នាឡើងវិញ នៅលើគ្រប់វិស័យ។ក្នុងនោះ វិស័យអប់រំ នៅឆ្នាំ២០២៥នេះ រុស្ស៊ីបានផ្តល់អាហារូបករណ៍៥៥កន្លែងដល់និស្សិតកម្ពុជាដើម្បីបានទៅសិក្សានៅប្រទេសរុស្ស៊ី។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណ ប្រទេសរុស្ស៊ី ដែលតែងតែជួយគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា តាំងពីសម័យអតីតសហភាពសូវៀតមក។ រុស្ស៊ីបានឈានមុខគេជួយកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្ស។ មកដល់ពេលនេះ មាននិស្សិតកម្ពុជាប្រមាណ៨ពាន់នាក់បានទៅសិក្សានៅប្រទេសរុស្ស៊ី ហើយអតីតនិស្សិតខ្មែរ ដែលបានសិក្សានៅរុស្ស៊ី  បានក្លាយជាធនធានដ៏សំខាន់ និងមួយចំនួនជាឥស្សរជន ជាថ្នាក់ដឹកនាំ ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល នៅក្នុងការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ស្របតាមចក្ខុវិស័យមោះមុត វែងឆ្ងាយ ច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបន្តវេនដឹកនាំ  ពីសម្តេចតេជោ ហ៊ុន សែន ក្នុងការនាំកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមនឹងនោះ សម្តេចក៏បានស្នើឯកអគ្គរដ្ឋទូត ជួយផ្តល់ការបណ្តុះបណ្តាលឬផ្តល់អាហារូបករណ៍ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការកសាងធនធានមនុស្ស ចូលរួមលើកកម្ពស់ស្ថាប័នរដ្ឋសភា ក្លាយជាសភាឌីជីថល ផងដែរ៕