យោងតាមទិន្នន័យផ្លូវការរបស់ធនាគារកណ្តាលចិន (PBOC) បានបង្ហាញឲ្យដឹងថាកាលពីពេលថ្មីៗនេះថា ខ្លួនបានបន្តទិញចូលមាសបន្ថែមទៀតចូលទៅក្នុងទុនបម្រុងរបស់ខ្លួន សម្រាប់រយ:ពេលបីខែជាប់ៗគ្នា គិតត្រឹមខែមករាកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Times។
បើតាមប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ជុំវិញការទិញចូលចុងក្រោយនេះ បានធ្វើឲ្យទុនបំរុងមាសរបស់របស់ប្រទេសចិនមានចំនួនសរុប ៧៣,៤៥ លាន Troy Ounce (២៥១៨ តោន) គិតនៅត្រឹមនៅចុងខែមករា បើធៀបទៅនឹងចំនួន ៧៣,២៩ លាន Troy Ounce (២៥១២ តោន) អោន កាលពីខែធ្នូ។
ទន្ទឹមនឹងនេះ តម្លៃនៃទុនបម្រុងមាសរបស់ប្រទេសចិន ក៏បានកើនឡើងដល់ជាង ២០៦ពាន់លានដុល្លារ នៅចុងខែមុន ពីចំនួនសរុប ១៩១,៣ពាន់លានដុល្លារ នៅចុងខែធ្នូ។
គួរឲ្យដឹងផងដែរថា តម្លៃមាសសកលបានឡើងដល់កម្រិតខ្ពស់គ្រប់ពេល ដោយបានបំបែកកំណត់ត្រាតម្លៃជាច្រើន រហូតមកដល់ពេលនេះ ភាគច្រើនដោយសារតែភាពមិនច្បាស់លាស់ជុំវិញគោលនយោបាយពន្ធគយថ្មីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបង្កើនការព្រួយបារម្ភអំពីកំណើនសេដ្ឋកិច្ចពិភពលោក និងសម្ពាធអតិផរណា។
ជម្រាបជូនផងដែរថា នៅក្នុងខែឧសភា ឆ្នាំ២០២៤ PBOC បានសម្រេចផ្អាកការទិញមាសរបស់ខ្លួនអស់រយៈពេល ១៨ខែជាប់ៗគ្នា ខណ:វាជាការផ្លាស់ប្តូរដ៏ធំមួយដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់តម្រូវការវិនិយោគិនចិន។ តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងខែវិច្ឆិកា ធនាគារកណ្តាលចិន បានបន្តការទិញមាសរបស់ខ្លួនឡើងវិញ។
ជាមួយគ្នានេះដែរ ធនាគារកណ្តាលពិភពលោក ដែលជាប្រភពដ៏សំខាន់នៃតម្រូវការមាសបានទិញលោហៈដ៏មានតម្លៃប្រភេទនេះច្រើនជាង ១ ០០០ តោន សម្រាប់ឆ្នាំទី៣ ជាប់ៗគ្នា គិតត្រឹមឆ្នាំ២០២៤ ហើយស្ថាប័នអន្តរជាតិមួយនេះ ត្រូវបានគេរំពឹងថានឹងនៅតែជាអ្នកទិញដ៏សកម្ម សម្រាប់ឆ្នាំ២០២៥នេះ ដោយសារភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។ នេះបើយោងតាមក្រុមប្រឹក្សាមាសពិភពលោក៕