កម្ពុជា ជាប្រទេសដែលពោរពេញទៅដោយសក្តានុពលសម្រាប់វិនិយោគជាច្រើនឥតគណនាសម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ ដោយទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១០ដង ពី ៣.១១ពាន់លានដុល្លារក្នុងឆ្នាំ១៩៩៨ ដល់ ២៩.៦០ពាន់លានដុល្លារនៅឆ្នាំ២០២២។
![](https://www.oknha.news/wp-content/uploads/2025/02/image-293.png)
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា សន្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង ១៥ដងក្នុងចន្លោះឆ្នាំ២០០៧-២០២២ យោងតាមតារាង FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦.១១ លើ១០០។
លើសពីនេះ កម្ពុជាសម្បូរដោយកម្លាំងពលកម្មដែលមានវ័យក្មេង ប្រកបដោយសក្តានុពល និងជាកាតាលីករដ៏សំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។ កម្ពុជាក៏បានធ្វើទំនើបកម្មហេដ្ឋារចនសម្ព័ន្ធរូបវន្តបានយ៉ាងល្អប្រសើរ រាប់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជាប្រព័ន្ធឡូជីស្ទីក បូកផ្សំនឹងទីតាំងដ៏មានសក្តានុពលដែលផ្តល់នូវកាលានុវត្តភាពប្លែកពីគេសម្រាប់វិនិយោគ។
![](https://www.oknha.news/wp-content/uploads/2025/02/image-296.png)
ក្នុងយុទ្ធសាស្ត្របញ្ចកោណដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ក៏បានបន្ថែមនូវមុំយុទ្ធសាស្ត្រថ្មីបន្ថែមលើបច្ចេកវិទ្យា ដែលកំពុងតែសាយភាយលូតលាស់ពេញស្រទាប់យុវជនវ័យក្មេងរបស់កម្ពុជា ដោយអភិវឌ្ឍបាននូវប្រព័ន្ធឌីជីថលសម្រាប់ប្រើប្រាស់បានដ៏ល្អប្រសើរ។
ជាមួយគ្នានេះ កម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍នូវវិនិយោគិនពីគ្រប់តំបន់លើសកលលោក ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង។ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន១៤៦គម្រោង ខណៈទុនកើនឡើងប្រមាណជិត ២ពាន់លានដុល្លារ ស្មើនឹងប្រមាណជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៣។
ដោយឡែកបើគិតក្នុងខែមករា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុប ៦៨គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ៤៦ពាន់កន្លែងផងដែរ ដោយក្នុងនោះ ទុនវិនិយោគមកពីប្រទេសចិននៅតែឈរលេខរៀងទី១ ប្រមាណ៧៣,៣៥% ខណៈកម្ពុជាលេខ២ ប្រមាណ១៣,១៧% និងប្រទេសផ្សេងទៀតរួមមាន វៀតណាម កោះ Cayman អង់គ្លេស សិង្ហបុរី កោះ Samoa សហរដ្ឋអាមេរិក Anguilla ម៉ាឡេស៊ីជាដើម៕
![](https://www.oknha.news/wp-content/uploads/2025/02/image-294.png)
![](https://www.oknha.news/wp-content/uploads/2025/02/image-295-1024x576.png)