សាជីវកម្ម San Miguel របស់ហ្វីលីពីន ចង់បោះទុនវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សាជីវកម្ម​San Miguel​ ជាក្រុមហ៊ុនឈានមុខគេ​ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, អាហារ​ និងភេសជ្ជៈ​,​ ថាមពល​​ និង​ចំរាញ់ប្រេង របស់ហ្វីលីពីន បានបង្ហាញការចាប់អារម្មណ៍ចង់បណ្តាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Ramon S. Ang ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្ម San Miguel នៅថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្ម បានគោរពជម្រាបជូនសម្ដេចធិបតី ថា​ សាជីវកម្ម​San Miguel​ ជាក្រុមហ៊ុនឈានមុខគេ​ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, អាហារ​ និងភេសជ្ជៈ​,​ ថាមពល​​ និង​ចំរាញ់ប្រេង​។​ ជាក់ស្តែង,​ សាជីវកម្ម​ San Miguel បានសាងសង់​ និង​​​គ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ។​​

លោកបន្តថា ក្រុមហ៊ុនចាប់អារម្មណ៍លើការបណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា តាមរយៈការពង្រីកកិច្ចសហការឱ្យកាន់តែច្រើនជាមួយក្រុមហ៊ុននៅកម្ពុជា។ ដោយលោកលើកឡើងថា កម្ពុជា ជាប្រទេសមានគុណសម្បត្តិប្រកួតប្រជែងខ្ពស់ ក្នុងនោះកម្ពុជា ជាប្រទេសដែលមានដីមានជីជាតិល្អ, កម្លាំងពលកម្មមានជំនាញ, ភូមិសាស្ត្រអំណោយផលដែលអាចឱ្យកម្ពុជាតភ្ជាប់ខ្លួនទៅកាន់បណ្ដាប្រទេសនៅក្នុងតំបន់ និងសកលលោកបានយ៉ាងល្អ។

 ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយសម្ដេចក៏បានបញ្ជាក់ពីសក្ដានុពល និងឱកាសនៃការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាផ្លូវល្បឿនលឿនដែលតភ្ជាប់នៅក្នុងកម្ពុជា​ ក៏ដូចទៅក្នុងបណ្ដាប្រទេសក្នុងតំបន់។

សម្ដេចធិបតី ក៏បានលើកឡើងអំពីវិស័យគន្លឹះ និងយុទ្ធសាស្ត្ររបស់កម្ពុជា ដែលជាកាលានុវត្តភាពសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន។ សម្ដេចបានសង្កត់ធ្ងន់ថា វិស័យសិកម្មដែលជាវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា គឺជាវិស័យដែលក្រុមហ៊ុនគួរយកចិត្តទុកដាក់ និងពិនិត្យមើលឱកាសវិនិយោគក្នុងដំណាក់កាលណាមួយ​ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់​ ភ្ជាប់ទៅកាន់តំបន់​ និងពិភពកលោក។ រាជរដ្ឋាភិបាលកម្ពុជា គាំទ្រ បង្កលក្ខណៈងាយស្រួល ក៏ដូចជាបង្កើតបរិយាកាសអំណោយផល និងកិច្ចសម្របសម្រួលនានា សំដៅជំរុញការវិនិយោគ និងភាពជោគជ័យរបស់ក្រុមហ៊ុន នៅកម្ពុជា។

សូមជម្រាបជូនថា ក្រុមហ៊ុន San Miguel Corporation គឺជាក្រុមហ៊ុនចម្រុះជាតិសាសន៍ ធំបំផុតមួយនៅក្នុងប្រទេសហ្វីលីពីន ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ ដោយធ្វើអាជីវកម្មលើវិស័យ ចំណីអាហារ និងភេសជ្ជៈ ការវេចខ្ចប់ រោងចក្រចម្រាញ់ប្រេង វិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ៕