ក្រុមហ៊ុនមួយរបស់ហ្វីលីពីន មើលឃើញឱកាសវិនិយោគសួនឧស្សាហកម្ម និងកសិ-ឧស្សាហ​កម្ម នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Excellent Associates Group ដែលជាក្រុមហ៊ុនធ្វើប្រតិបត្តិការពាណិជ្ជកម្ម លើវិស័យសំណង់ ឧស្សាហកម្មរ៉ែ ការផលិតដែក សំណ និងស័ង្កសី របស់ហ្វីលីពីន ចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា​ ដែលរួមមា​ន​ ការវិនិយោគសួនឧស្សាហកម្ម និងកសិ-ឧស្សាហ​កម្ម ព្រមទាំងការកែច្នៃ ​និងនាំចេញអង្ករទៅកាន់ទីផ្សារសំខាន់ៗផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហាញចំណាប់អារម្មណ៍វិនិយោគរបស់ក្រុមហ៊ុនខាងលើក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឱ្យលោក Dai Jianlaing ប្រធានក្រុមហ៊ុន Excellent Associates Group Limited ចូលជួបពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបសម្តេចធិបតីអំពីប្រតិបត្តិការ និងវឌ្ឍនភាពរបស់ក្រុមហ៊ុន និងបានបង្ហាញពីចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា​ ដែលរួមមា​ន​ ការវិនិយោគសួនឧស្សាហកម្ម និងកសិ-ឧស្សាហ​កម្ម ព្រមទាំងការកែច្នៃ ​និងនាំចេញអង្ករទៅកាន់ទីផ្សារសំខាន់ៗមួយចំនួនដូចជា៖ ហុងកុង ប្រទេសចិន និងទីផ្សារដទៃទៀតនាពេលអនាគត​ ព្រោះតែអង្ករកម្ពុជាមានគុណភាពខ្ពស់ និង ទទួលបានចំណាត់ថ្នាក់ល្អច្រើនឆ្នាំ ជាប់ៗគ្នា។

ជាការឆ្លើយតប សម្តេចធិបតី បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ​ និង​វិធានការរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេស។​ ពាក់ព័ន្ធនឹង​វិស័យកសិ-ឧស្សាហកម្ម​ សម្តេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាការវិនិយោគលើទំនិញកសិ-ឧស្សាហកម្មមួយចំនួនបន្ថែមទៀត ដែលអាចចូលរួមបំពេញតម្រូវការក្នុងច្រវាក់ផលិតកម្មនៃវិស័យកសិកម្ម ក៏ដូចជា ការផលិតជីបែបធម្មជាតិ និងជីគីមី ជាដើម៕