វិលល្ងាច ប្រើ​ពេល ៤ ទៅ ៥ ម៉ោង​ ផ្លូវសំឡូត-កោះកុង ជិះ​ស្រួល​

សង្គម​ និង​សេដ្ឋកិច្ច

ផ្លូវ​ជាតិ​លេខ ១០ ពី​ខេត្ត​កោះកុង​ទៅ​ស្រុក​សំឡូត​ខេត្ត​បាត់ដំបង សម្រេច​ការ​សាងសង់​បាន​ជាង ៤០ ភាគរយ ក្នុង​ចម្ងាយ​ផ្លូវ ១៩៩ គីឡូម៉ែត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អន ដាវុធ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​កោះកុង​ ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​នេះ​ថា ផ្លូវ​កាត់​មួយ​ខ្សែ​ថ្មី​នេះ បាន​ធ្វើការ​ឈូសឆាយ​បានរលោង​ស្អាត អាច​ឲ្យ​រថយន្ត​ទេសចរណ៍​តូច​ធំ​ជិះ​ធ្វើ​ដំណើរ​ទៅ​មក​បាន​ស្រួល។

“ពី​កោះកុង​ទៅ​ប្រមោយ​ ប្រើ​ពេល​ត្រឹម ៣ ទៅ ៤ ម៉ោង​ប៉ុណ្ណោះ ហើយ​បើ​ទៅ​ដល់​សំឡូត​ខេត្ត​បាត់ដំបង​ត្រឹម ៥ ម៉ោង​​ទៅ​ដល់”។ នេះបើ​តាមលោក​ប្រធាន​មន្ទីរ​។

លោក​​បន្ត​ថា មុន​ផ្លូវ​នេះ​ផ្តើម​សាងសង់​ អ្នកដំណើរ​ត្រូវ​ដេក​ផ្លូវ​មួ​យយប់​ក៏​មាន​ ហើយ​ខែ​វស្សា​​ជាប់ផុង​មិន​អាច​ធ្វើ​ដំណើរ​បាន​ទេ។

លោក​ប្រធាន​មន្ទីរ អន ដាវុធ រំពឹងថា នៅ​ពេល​ផ្លូវ​កាត់ថ្មី​នេះចាក់​បេតុង​កៅស៊ូ (AC)​ ​រួច​រាល់​​ទាំង​សុង​ នឹង​នាំប្រយោជន៍​សេដ្ឋកិច្ច​ដល់​​ខេត្ត​កោះកុង និង​ពលរដ្ឋ​មកពី​ខេត្ត​សៀមរាប ខេត្ត​បាត់ដំបង ចង់​មក​លេង​ខេត្ត​កោះកុង​​ទៅ​មក​មិន​ពិបាក​និង​ប្រើ​ពេលយូរ​ទៀត​ទេ។

ផ្លូវជាតិលេខ១០ ថ្មីនេះ មានប្រវែងសរុបប្រមាណ ១៩៩គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់​កោះកុង។សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ក្នុងទំហំវិនិយោគប្រមាណ ១៨៨លានដុល្លារ តាម​ផែនការ​ គ្រោងបញ្ចប់​នៅឆ្នាំ២០២៣៕