ភ្នំពេញ៖កម្ពុជា និងហ្វីលីពីន នាថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ០២ រួមមាន១) អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និង២) អនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និង World Citi College ដើម្បីរួមគា្នអភិវឌ្ឍវិស័យអប់រំ ជាពិសេសបង្កើតវគ្គបណ្តុះបណ្តាលលើជំនាញគិលានុបដ្ឋាយិកា ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយស ជាអធិបតីភាពក្នុងពិធីចុះហត្ថលេខានេះ។ ការចុះហត្ថលេខាជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មនិងសេដ្ឋកិច្ចនេះ បន្ទាប់ពីប្រទេសទាំងពីរបានធ្វើវេទិកាធុរកិច្ចហ្វីលីពីន-កម្ពុជា។
វេទិកានេះត្រូវបានសហការ រៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន និងសភាពាណិជ្ជកម្មហ្វីលីពីននៅ កម្ពុជា។ គោលបំណងសំខាន់នៃវេទិកាគឺដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី រួមទាំងពង្រឹងភាពជាដៃគូសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។
ប្រធានបទសំខាន់ៗ ដែលនឹងត្រូវលើកយកមកជជែកពិភាក្សាក្នុងវេទិកានេះ រួមមាន កាលានុវត្តភាពធុរកិច្ច វិស័យសក្តានុពល និងគោលនយោបាយលើកទឹកចិត្តវិនិយោគ ដោយមានការចូលរួមពីវាគ្មិនជាតំណាង ស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជននៃប្រទេសទាំងពីរ។ក្រៅពីការពិភាក្សា វេទិកានេះក៏មាន ជំនួបពាណិជ្ជកម្មរវាង ធុរជននៃប្រទេសទាំងពីរផងដែរ៕