មហាសេដ្ឋីមានដាច់គេលើពិភពលោក Elon Musk កាលពីពេលថ្មីៗនេះ បានអំពាវនាវឲ្យបិទវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព (RFE/RL) និងវិទ្យុសំឡេងអាមេរិក (VOA) ដោយអះអាងថាអង្គភាពប្រព័ន្ធផ្សព្វផ្សាយចំនួនពីរនេះ គឺលែងពាក់ព័ន្ធអ្វីជាមួយអាមេរិកទៀតឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AMU។
យ៉ាងណាមិញ លោក Musk បានលើកឡើងបែបនេះ តាមរយ:ការខមិនឆ្លើយតបទៅកាន់លោក Richard Grenell ដែលជាបេសកជនពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់បេសកកម្មពិសេស នៅលើបណ្តាញសង្គម X ដោយលោកបានរិះគន់បណ្តាញផ្សព្វផ្សាយព័ត៌មានទាំងពីរនេះថា ជាអ្នកទទួលបានមូលនិធិពីអ្នកបង់ពន្ធអាមេរិក ប៉ុន្តែបែរជាបម្រើផលប្រយោជន៍ទៅឲ្យសកម្មជនឆ្វេងនិយមទៅវិញ។
មិនតែប៉ុណ្ណោះ លោក Richard បានសរសេរទៀតថា ៖”វាជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋប៉ុន្តែអង្គភាពទាំងនេះក្លាយជារបស់ចាស់កម្រិល និងហួសសម័យទៅហើយ។ យើងមិនត្រូវការប្រព័ន្ធផ្សព្វផ្សាយដែលត្រូវបង់ប្រាក់ដោយរដ្ឋាភិបាលអាមេរិកទៀតទេ”។
ជុំវិញការបង្ហោះសារបែបនេះ លោក Musk ក៏បានចូលទៅឆ្លើយតប និងបានបង្ហាញការគាំទ្រពេញទំហឹងថា ៖”ត្រូវហើយ យើងគួរតែបិទសអង្គភាពទាំងពីរនេះចោល”។ លោកបានបន្តអះអាងទៀតថា អង្គភាពទាំងនេះគ្រាន់តែជាកន្លែងសម្រាប់ក្រុមមនុស្សឆ្វេងនិយមជ្រុល ដែលតែងនិយាយជាមួយខ្លួនឯង ខណៈពួកគេបានធ្វើឲ្យខាតបង់លុយដែលបានពីអ្នកបង់ពន្ធអាមេរិក ប្រមាណ ១ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។
គួរឲ្យដឹងផងដែរថា RFE/RL និង VOA ដំណើរការនៅក្រោមទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ហើយត្រូវបានបង្កើតឡើងដំបូងដើម្បីប្រឆាំងការឃោសនាក្នុងអំឡុងពេលសង្គ្រាមត្រជាក់។ អង្គភាពទាំងពីនេះ បន្តចាក់ផ្សាយនៅក្នុងតំបន់ដែលមានសេរីភាពសារព័ត៌មានរឹតត្បិត រួមមានរុស្ស៊ី អ៊ីរ៉ង់ និងផ្នែកខ្លះនៃតំបន់អាស៊ីកណ្តាល ផងដែរ៕