លោក ត្រាំ ស្នើឲ្យអាមេរិកបញ្ឈប់ផលិតកាក់តម្លៃទាប ដោយសារខ្ជះខ្ជាយពេក

អន្តរជាតិ

​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បាននិយាយថា លោកបានណែនាំដល់រដ្ឋមន្ត្រីក្រសួងរតនាគារលោក ស្កុត ប៊េសសិន (Scott Bessent) ឲ្យបញ្ឈប់ការផលិតកាក់ ១សេន ដោយសារតែមានការចំណាយខ្ពស់ហួសហេតុពេក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គមផ្សព្វផ្សាយសង្គមរបស់ខ្លួនថា៖ “វាយូរពេកហើយ ដែលសហរដ្ឋអាមេរិកផលិតកាក់ ១សេន ដោយត្រូវចំណាយអស់ដល់ទៅជាង ២សេន។ នេះជាការខ្ជះខ្ជាយខ្លាំងណាស់។ ខ្ញុំបានបញ្ជាឲ្យរដ្ឋលេខាធិការក្រសួងរតនាគារ បញ្ឈប់ការផលិតកាក់ថ្មី។ ហើយលុបបំបាត់ការខ្ជះខ្ជាយទាំងនេះចេញពីថវិកាជាតិរបស់យើង បើទោះបីជាកាក់នេះ ត្រូវបានផលិតមកដោយមានតម្លៃត្រឹមតែ ១សេនក៏ដោយ”។

គួរឲ្យដឹងផងដែរថា ជុំវិញវិធានការបញ្ឈប់ការផលិតកាក់តម្លៃទាបនេះ បានស្ថិតក្នុងការពិចារណាអស់រយ:ពេលជាច្រើនឆ្នាំមក។ កាលពីខែមុន ដំណើរការនៃការបញ្ឈប់ការផលិតកាក់នេះ ត្រូវបានពន្លឿនឡើងវិញ បន្ទាប់ពីការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលដឹកនាំដោយមហាសេដ្ឋី Elon Musk បានប្រកាសថាកាក់ ១សេន នឹងត្រូវចំណាយច្រើនជាង ៣សេនដើម្បីផលិត ហើយបានចំណាយលុយសរុបអស់ជាង ១៧៩លានដុល្លារ ក្នុងការផលិតកាក់នេះ នៅក្នុងឆ្នាំសារពើពន្ធ២០២៣ កន្លងទៅ។

ទន្ទឹមនឹងនេះ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំមួយ ដែលត្រូវបានរាយការណ៍ដោយសារព័ត៌មាន US Mint បានបង្ហាញឲ្យដឹងទៀតថា នៅក្នុងឆ្នាំសារពើពន្ធ២០២៤ កន្លងទោ ការចំណាយនៃការផលិត និងចែកចាយកាក់ ១សេន មានតម្លៃដល់ទៅ ៣,៧សេនឯណោះ ដោយនេះគឺច្រើនជាង ២០% បើធៀបនឹងឆ្នាំ២០២៣ ខណ:ការចំណាយដ៏ច្រើននេះ ដោយសារតែការកើនឡើងតម្លៃវត្ថុធាតុដើម រួមទាំងស័ង្កសី និងទង់ដែង ផងដែរ។

ជម្រាបជូនផងដែរថា កាក់ ត្រូវបានចេញផ្សាយឲ្យប្រើប្រាស់ជាលើកដំបូងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៧៩៣។ ហើយគិតចាប់តាំងពីឆ្នាំ១៩០៩ មក គ្រប់កាក់ទាំងអស់គឺសុទ្ធតែមានមុខរបស់អតីតប្រធានាធិបតី លោក អាប្រាហាំ លីងខូន (Abraham Lincoln) ៕