អូស្ត្រាលី ផ្តល់ថាប្លេត ៥៤៦ គ្រឿងដល់កម្ពុជា ដើម្បីពង្រឹងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ

សង្គម​ និង​សេដ្ឋកិច្ច

ថាប្លេតចំនួន ៥៤៦គ្រឿង របស់រដ្ឋាភិបាលអូស្ត្រាលី (DFAT) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ត្រូវផ្តល់ជូនក្រសួងផែនការ កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីជួយពង្រឹងដល់ស័ក្តិសិទ្ធិភាពនិងប្រសិទ្ធភាពនៃការអនុវត្តការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រកម្ពុជាកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីប្រគល់និងទទួលនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងមានការអញ្ជើញចូលរួមពី លោកស្រី Kirsty Harris ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ របស់ស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា ព្រមទាំងសហការី។

ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងអំណរគុណដល់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងរដ្ឋាភិបាលអូស្ត្រាលី(DFAT) ដែលបានផ្តល់ការគំាទ្រដល់ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រចាប់តំាងពីឆ្នាំ២០២០ ជាពិសេសតាមរយៈការធ្វើទំនើបកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។លោកបន្តថា ការប្រើឧបករណ៍ថាប្លេតតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បានជួយដោះស្រាយបញ្ហាការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងងាយរងហានិភ័យ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ក្នុងឱកាសនោះដែរ លោកស្រី Alissar Chaker បានលើកឡើងដែរថា នេះគឺជាផ្នែកមួយរបស់UNDP ក្នុងការគំាទ្របរិវត្តកម្មឌីជីថល ក្នុងការពន្លឿនសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលនឹងជួយពង្រឹងដល់ស័ក្តិសិទ្ធិភាពនិងប្រសិទ្ធភាពនៃការអនុវត្តការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលបានផ្តល់ការគំាទ្រលើការងារនេះចាប់តំាងពីការរីករាលដាលនៃជំងឺកូវីដ-១៩ ទំាងសម្ភារៈ និងបច្ចេកទេស តាមរយៈក្រសួងផែនការ។

គួរបញ្ជាក់ដែរថា ឧបករណ៍ថាប្លេត ដែលក្រសួងផែនការទទួលបានពី UNDP និងរដ្ឋាភិបាលអូស្ត្រាលី(DFAT) នាពេលនេះ នឹងត្រូវយកទៅចែកជូនដល់ឃុំ សង្កាត់ ជំនួសឱ្យថាប្លេតដែលខូច ឬចាស់ដើម្បីពង្រឹងនិងធានាប្រសិទ្ធភាព និងនិរន្តរភាពការអនុវត្តការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សំដៅក្នុងការកសាងប្រព័ន្ធគាំពារសង្គមកម្ពុជាដ៏រឹងមាំ ដោយគ្មាននរណាម្នាក់ ត្រូវបានបោះបង់ចោលឡើយ៕ អត្ដបទ៖ ហ្សាលីន