ហ្វីលីពីន នឹងពិនិត្យមើលលទ្ធភាពវិនិយោគលើរោងម៉ាស៊ីនកិនស្រូវ និងវារីវប្បកម្មនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន បានបញ្ជាក់ថា លីពីននឹងពិនិត្យមើលលើលទ្ធភាពក្នុងការវិនិយោគលើរោងម៉ាស៊ីនកិនស្រូវ និងការធ្វើវារីវប្បកម្មនៅកម្ពុជា ខណៈប្រទេសហ្វីលីពីន មានតម្រូវការលើផលិតផលកសិកម្មជាច្រើនពីប្រទេសកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការនៃកំណើនប្រជាជនហ្វីលីពីន ដែលកើនជាង១០លាននាក់ក្នុងមួយឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក  Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោក ឌិត ទីណា បានលើកឡើងថា ការធ្វើកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ធ្វើឡើងក្នុងគោលបំណងបំពេញតម្រូវការឱ្យគ្នាទៅវិញទៅមក មិនមែនជាការប្រកួតប្រជែងគ្នានោះទេ ហើយប្រទេសទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែរឹងមាំបន្ថែមទៀត ជំរុញការរីកចម្រើនក្នុងវិស័យកសិកម្ម សំដៅចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍឱ្យមានចីរភាព។

លោកក៏អញ្ជើញរដ្ឋមន្ត្រី និងគណៈប្រតិភូនៃក្រសួងកសិកម្មហ្វីលីពីន ទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពិនិត្យពីសក្តានុពលនៃផលិតផលកសិកម្មកម្ពុជា និងពិភាក្សាលម្អិតបន្ថែមទៀតរវាងវិស័យឯកជននៃប្រទេសទាំងពីរផងដែរ។

នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានបញ្ជាក់ថាប្រទេសហ្វីលីពីន មានតម្រូវការលើផលិតផលកសិកម្មជាច្រើនពីប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកំណើនប្រជាជនហ្វីលីពីន ដែលកើនជាង១០លាននាក់ក្នុងមួយឆ្នាំ។ ហ្វីលីពីនមានតម្រូវការដូចជាអង្ករ សាច់ជ្រូក សាច់គោ មាន់ ត្រី និងបន្លែផ្លែឈើជាច្រើន។ លើសពីនេះ ភាគីហ្វីលីពីនក៏នឹងពិនិត្យមើលលើលទ្ធភាពក្នុងការវិនិយោគលើរោងម៉ាស៊ីនកិនស្រូវ និងការធ្វើវារីវប្បកម្មផងដែរ។

លោកបានបន្តទៀតថា ក្រសួងកសិកម្មហ្វីលីពីន បានទទួលសិទ្ធក្នុងការនាំចូលអង្ករ និងម្ហូបអាហារ ដោយមានថវិកា ១០០លានដុល្លាសហរដ្ឋអាមេរិក។

សូមបញ្ជាក់ជូនថា គោលបំណងនៃកិច្ចជំនួបនេះគឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកសិកម្មដោយផ្តោតលើចំណុចសំខាន់ចំនួន០២ រួមមានការធានាសន្តិសុខស្បៀង និងការធ្វើកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ភាគទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីនផងដែរ៕