យោងតាមការស្ទង់មតិកាលពីពេលថ្មីៗនេះ ដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានឲ្យដឹងថា ប្រជាជនថៃ រំពឹងថានឹងចំណាយទឹកប្រាក់ប្រមាណ ៥,២ពាន់លានបាត (១៤៥,៦លានដុល្លារអាមេរិក) ក្នុងអំឡុងពិធីបុណ្យមាឃបូជា និង Valentine’s Day នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ការស្ទង់មតិនេះបានបង្ហាញឲ្យដឹងទៀតថា ការចំណាយសម្រាប់ពិធីបុណ្យមាឃបូជា ត្រូវបានគេព្យាករថានឹងកើនឡើង ២,៨% បើធៀបនឹងឆ្នាំមុន ដែលអាចឈានដល់ ២,៥ពាន់លានបាត (៧០លានដុល្លារ) ខណ:ចំនួននេះត្រូវបានចាត់ទុកថាជាការចំណាយខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលបួនឆ្នាំកន្លងមក។
ដោយឡែក សម្រាប់ថ្ងៃនៃការប្រារព្ធពិធីបុណ្យ Valentine’s Day ឬបុណ្យនៃក្តីស្រឡាញ់ ត្រូវបាន UTCC បានព្យាករថា ការចំណាយរបស់ពលរដ្ឋថៃ អាចកើនឡើង ៧,២% ធៀបទៅនឹងឆ្នាំមុន ដោយនឹងឈានដល់ចំនួន ២,៧ពាន់លានបាត (៧៥,៦លានដុល្លារ) ។
UTCC បានរាយការណ៍ទៀតថា វិស័យដែលទំនងជាទទួលបានអត្ថប្រយោជន៍ច្រើន ពីការប្រារព្ធពិធីទាំងនេះរួមមាន ហាងលក់អំណោយ និងផ្កា ភោជនីយដ្ឋាន ហាងកាហ្វេ សណ្ឋាគារ និងកន្លែងលម្លែកាយ អ្នកលក់រាយស្រា និងភេសជ្ជៈ និងហាងលក់សូកូឡា និងបង្អែម ជាដើម។
ជាមួយគ្នានេះ យោងតាមលោក Thanavath ប្រធាន UTCC បាននិយាយថា ការចំណាយរួមគ្នាសម្រាប់ថ្ងៃឈប់សម្រាកទាំងពីរនេះ ត្រូវបានគេរំពឹងថានឹងជួយជំរុញ GDP របស់ប្រទេសថៃ នៅរង្វង់ចន្លោះពី ០,០២៥-០,០៤៥% ៕