ស្ត្រីមានដាច់គេលើលោក ប្រកាសលាលែងចេញពីតំណែងជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន L’Oreal

អន្តរជាតិ

លោកស្រី Francoise Bettencourt Meyers ដែលជាអ្នកស្នងមរតកនៅក្នុងក្រុមហ៊ុន L’Oréal និងជាស្ត្រីមានបំផុតដាច់គេរបស់ពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ៧៦,១ពាន់លានដុល្លារអាមេរិក គ្រោងនឹងចូលនិវត្តន៍ពីតំណែងជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុនគ្រឿងសំអាងខ្នាតយក្ស នៅក្នុងខែមេសាខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការសារព័ត៌មាន Bloomberg បានរាយការណ៍ថា លោកស្រី Bettencourt Meyers បច្ចុប្បន្នវ័យ ៧១ឆ្នាំ នឹងប្រគល់តំណែងរបស់លោកស្រី ក្នុងនាមជាអនុប្រធានក្រុមហ៊ុន ទៅឲ្យកូនប្រុស គឺលោក Jean-Victor Meyers វ័យ ៣៨ឆ្នាំកាន់កាប់ជំនួសវិញ ខណ:បច្ចុប្បន្នលោកមានតំណែងជានាយកប្រតិបត្តិ។

ដោយឡែកសម្រាប់មុខតំណែងនៅក្នុងក្រុមប្រឹក្សាភិបាលផ្សេងទៀត ដែលលោកស្រី Bettencourt Meyers បានបម្រើការអស់រយៈពេល ២៨ឆ្នាំកន្លងមកនេះនោះ នឹងត្រូវកាន់កាប់ជំនួសវិញដោយ លោក Alexandre Benais អគ្គនាយករងនៃក្រុមហ៊ុន Téthys Invest ដែលអ្នកវិនិយោគ និងជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ L’Oréal ។

គួរឲ្យដឹងផងដែរថា ជុំវិញការផ្លាស់ប្តូរមុខតំណែងនេះ ត្រូវបានគេរំពឹងថានឹងចូលជាធរមាន បន្ទាប់ពីការបោះឆ្នោតរបស់ម្ចាស់ភាគហ៊ុននៅឯកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលនឹងត្រូវធ្វើឡើងនាខែមេសាខាងមុខ។ នេះបើតាមការចុះផ្សាយពីទស្សនាវដ្តី Forbes ។

ជម្រាបជូនផងដែរថា ដោយសារតែអ្នកទទួលបានមរតកទាំងស្រុងពី L’Oréal បានធ្វើឲ្យលោកស្រី Bettencourt Meyers ក្លាយជាមហាសេដ្ឋីស្ត្រីដំបូងគេ ដែលមានទ្រព្យសម្បត្តិសរុបកើនឡើងដល់ ១០០ពាន់លានដុល្លារ កាលពីចុងឆ្នាំ២០២៣ មុនពេលទ្រព្យសម្បត្តិរបស់លោកស្រី ធ្លាក់ថយចុះវិញយ៉ាងច្រើន នៅឆ្នាំ២០២៤ ចំពេលការលក់គ្រឿងសម្អាងនៅក្នុងប្រទេសចិនធ្លាក់ចុះ៕