ក្រុមហ៊ុន ជីប ម៉ុង គ្រុប កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសបរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ សម្រាប់ជួយសាងសង់អគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល តបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
![](https://www.oknha.news/wp-content/uploads/2025/02/2025-02-11-17-21-40-0-1024x512.jpg)
ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវចំពោះសប្បុរសជននានា សូមចូលរួមសាងសង់អគារសិក្សា នៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីរួមចំណែកក្នុងការកសាងធនធានមនុស្ស និងមូលធន មនុស្សសម្រាប់សម្រេច «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០»។
![](https://www.oknha.news/wp-content/uploads/2025/02/477209091_1243609593787492_2459121553003082895_n-1024x683.jpg)
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា រាល់ថវិកាសម្រាប់ចំណាយលើការសាងសង់ សំណង់ នៅវត្តព្រះឥន្ទសាមគ្គីធម៌ និងអគារសិក្សា នៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី គឺមិនបានប្រើថវិកាជាតិនោះទេ ពោលគឺប្រើប្រាស់ថវិកាឧបត្ថម្ភពី សម្តេចផ្ទាល់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថវិកាជួយឧបត្ថម្ភពីសប្បុរសជននានាផងដែរ។
តបតាមការអំពាវនាវនេះហើយ ទើបក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចូលរួមបរិច្ចាគថវិកាក្នុងការជួយសាងសង់អគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅស្រុកអង្គស្នួល៕