សម្ដេចតេជោ ហ៊ុន សែន ចេញលិខិតថ្លែងអំណរគុណ ជូនចំពោះក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលបានបរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ ជួយសាងសង់អគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី

ជុំវិញ​ឧកញ៉ា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញលិខិតថ្លែងអំណរគុណ ជូនចំពោះក្រុមហ៊ុន ជីប ម៉ុង គ្រុប ចំពោះសមានចិត្តដ៏សប្បុរសជ្រះថ្លារបស់ លោកអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសហការី ដែលបានចូលវិភាគទានជាថវិកាចំនួន ៥០ម៉ឺនដុល្លារអាមេរិក សម្រាប់ការសាងសង់អគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវចំពោះសប្បុរសជននានា សូមចូលរួមសាងសង់អគារសិក្សា នៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីរួមចំណែកក្នុងការកសាងធនធានមនុស្ស និងមូលធន មនុស្សសម្រាប់សម្រេច «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០»។

តបតាមការអំពាវនាវនេះហើយ ទើបក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចូលរួមបរិច្ចាគថវិកាក្នុងការជួយសាងសង់អគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅស្រុកអង្គស្នួល ចំនួន ៥០ម៉ឺនដុល្លារអាមេរិក។

តាមរយៈលិខិតថ្លែងអំណរគុណនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏សូមកោតសរសើរដ៏ស្មោះចំពោះទឹកចិត្តសប្បុរស និងស្នេហាជាតិរបស់ លោកអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសហការី នៃក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជានិច្ចកាល តែងតែចូលរួមជួយសម្រាលបន្ទុករបស់រដ្ឋ និងប្រជាជនកម្ពុជាជារៀងរហូត៕