ថ្នាក់ដឹកនាំកម្ពុជា-ហ្វីលីពីន បានលើកឡើងថា នឹងបន្តទាក់ទាញវិនិយោគិននានា ក្រោមគោលការណ៍ «រក្សាចាស់ បង្កើតថ្មី» សំដៅពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យវិនិយោគឱ្យកាន់តែមានសន្ទុះខ្លាំងថែមទៀត។
![](https://www.oknha.news/wp-content/uploads/2025/02/image-366-1024x683.png)
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ លោក Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន។
ប្រភពដដែល បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានប្តេជ្ញាថា នឹងបន្តទាក់ទាញវិនិយោគិននានា ក្រោមគោលការណ៍ «រក្សាចាស់ បង្កើតថ្មី»។
ទន្ទឹមគ្នានេះ នៅក្នុងដំណើរទស្សកិច្ចទៅកាន់ប្រទេសហ្វីលីពីន សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារផ្ទាល់ជាមួយក្រុមហ៊ុនឯកជនចំនួន ៣ រួមមាន ក្រុមហ៊ុន San Miguel Corporation, World Citi Group និង Exellent Associates Group Limited។ ក្រុមហ៊ុនទាំងនេះ មានប្រតិបត្តិការអាជីវកម្មលើវិស័យចំណីអាហារនិងភេសជ្ជៈ ការវេចខ្ចប់ រោងចក្រចម្រាញ់ប្រេង ថាមពល ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ អាកាសចរណ៍ អប់រំ ថែទាំសុខភាព បច្ចេកវិទ្យា សំណង់ ឧស្សាហកម្មរ៉ែ ការផលិតដែក សំណ និងស័ង្កសី ជាដើម។ ជាលទ្ធផល ក្រុមហ៊ុនទាំងនេះបានបង្ហាញចំណាប់អារម្មណ៍ពី សក្តានុពល និងស្វែងរកឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងសុខាភិបាលនៅកម្ពុជា។
បន្ថែមពីនេះ ក្នុងអំឡុងនៃវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីននេះដែរ ថ្នាក់ដឹកនាំកម្ពុជា-ហ្វីលីពីន ក៏បានផ្តល់កិត្តិយសអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាលើឯកសារចំនួន ០២ រួមមាន ១. អនុស្សរណៈនៃការយោគយល់ គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ២. អនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប និងសាកលវិទ្យាល័យ World Citi College ដើម្បីរួមគ្នាអភិវឌ្ឍវិស័យអប់រំ ជាពិសេសបង្កើត វគ្គបណ្តុះបណ្តាលលើជំនាញគិលានុបដ្ឋាយិកាផងដែរ។
សូមបញ្ជាក់ដែរថា រាជរដ្ឋាភិបាលនីតិកាលថ្មី បន្តទាក់ទាញបានគម្រោងវិនិយោគជាច្រើនគម្រោង។ ជាក់ស្តែង ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការ អនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង។
ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១, កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី២ និងវៀតណាមស្ថិតនៅលំដាប់លេខរៀងទី៣ ដោយបានរួមចំណែកប្រមាណ ៥០%, ៣៤,% និង ៨% នៃទុនវិនិយោគសរុប រៀងគ្នា៕ អត្ថបទ៖ ហ្សាលីន