នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក អែនធូនី អាល់បានីស (Anthony Albanese) បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានយល់ព្រមពិចារណាលើការលើកលែងអូស្ត្រាលីពីយកពន្ធគយលើដែកថែប និងអាលុយមីញ៉ូម អំឡុងពេលពិភាក្សាគ្នាតាមរយ:ទូរស័ព្ទកាលពីថ្ងៃទី១១ ខែកុម្ភ:កន្លងទៅថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
លោក ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថាលោកនឹងណែនាំវិធានការពន្ធថ្មីចំនួន ២៥% លើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ទៅកាន់សហរដ្ឋអាមេរិក ដោយបន្ថែមពីលើពន្ធលោហធាតុដែលមានស្រាប់ នៅក្នុងការកើនឡើងដ៏សំខាន់មួយទៀតនៃការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់លោក។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Albanese បានប្រាប់អ្នកយកព័ត៌មានថា ៖”ខ្ញុំបានបង្ហាញពីករណីពិសេសរបស់ប្រទេសអូស្ត្រាលីសម្រាប់ការលើកលែងនេះ ហើយប្រធានាធិបតីសហរដ្ឋអាមេរិក បានយល់ព្រម ដើម្បីពិចារណាឡើងវិញ ចំពោះការដកអូស្រ្តាលីចេញ ពីវិធានការពន្ធគយថ្មីនេះ។ វាជាការពិភាក្សាប្រកបដោយភាពស្ថាបនា និងកក់ក្តៅម្តងទៀត ជាមួយប្រធានាធិបតីលោក ត្រាំ”។
គួរឲ្យដឹងថា ការពិភាក្សារបស់លោក Albanese ជាមួយលោក ត្រាំ ត្រូវបានធ្វើឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលីបាននិយាយថា ការនាំចេញដែកថែប និងអាលុយមីញ៉ូមរបស់អូស្ត្រាលី ទៅកាន់សហរដ្ឋអាមេរិកបានបង្កើតការងារជូនដល់ពលរដ្ឋអាមេរិកដែលមានប្រាក់ខែល្អ និងជាគន្លឹះសម្រាប់ផលប្រយោជន៍ការពារជាតិរួមគ្នា។
អូស្ត្រាលី ដែលជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានដឹកជញ្ជូនផលិតផលដែក និងដែកមានតម្លៃប្រហែលសរុប ២៣៧លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៣ និងអាលុយមីញ៉ូមមានតម្លៃ ២៧៥លានដុល្លារ ក្នុងឆ្នាំ២០២៤។ នេះបើយោងតាមទិន្នន័យទទួលបានពី Comtrade ។
ជម្រាបជូនថា រដ្ឋាភិបាលអូស្ត្រាលី បាននិយាយកាលពីឆ្នាំមុនថា ដែកថែបកែច្នៃរបស់អូស្ត្រាលីត្រូវបានទិញដោយក្រុមហ៊ុនសាងសង់កប៉ាល់យោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ខណៈពេលដែលប្រទេសអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក ត្រូវបានចាត់ទុកជាដៃគូនៃកតិកាសញ្ញាការពារជាតិ AUKUS ដែលផ្តោតលើការរួមបញ្ចូលខ្សែសង្វាក់ផ្គត់ផ្គង់ការពារជាតិគ្នា ទៅវិញទៅមក៕