ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីដីឥដ្ឋ  ទៅកាន់ថ្មគរ សាងសង់សម្រេចបានជាង ៥ % ហើយ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ វឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ) សម្រេចបានជាង៥ %។នេះបើយោងតាមរបាយការណ៍ ពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ បានឱ្យថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)កំពុងដំណើរការយ៉ាងស្វាហាប់ ខណៈបច្ចុប្បន្នគិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)សម្រេចបាន៥,៤០%ហើយ។

លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងមមាញឹកក្នុងការស្ថាបនាស្ពានដែកបណ្តោះអាសន្ន នៅផ្នែកខាងលិច បានប្រវែង២៧១ម៉ែត្រ ស្មើនឹង៥១%(ប្រវែងសរុប៥៣៣ម៉ែត្រ) និងផ្នែកខាងកើតកំពុងរៀបចំដំណើរការសាងសង់ស្ពានដែកបណ្តោះអាសន្ន ប្រវែង ៥៥៤ម៉ែត្រ ដើម្បីបំពាក់សំភារៈ គ្រឿងចក្រ។

បន្ថែមពីនេះ លោកថា ការសាងសង់ស្ពានដែកបណ្តោះអាសន្ននេះ គឺជាផ្នែកដ៏សំខាន់ សម្រាប់ឆ្លងកាត់ ដាក់គ្រឿងចក្រ ដើម្បីខួងសរសរគ្រឹះនាពេលខាងមុខដ៏ខ្លី។ អ្នកនាំពាក្យរូបនេះ ក៏បានស្នើដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ដែលធ្វើដំណើរតាមដងទន្លេមេគង្គ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ មេត្តាយកចិត្តទុកដាក់ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ។

សូមបញ្ជាក់ដែរថា គម្រោងស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិចស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់ សម្រាប់ការតភ្ជាប់ សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

គម្រោងសាងសង់ស្ពាននេះ ធ្វើឡើងជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប ៣៧០០ ម៉ែត្រ ដែលក្នុងនោះតួស្ពានមានប្រវែងសរុប ១៦០០ ម៉ែត្រ និងទទឹង ២៦ម៉ែត្រ(៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២១០០ ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ ហើយគម្រោងស្ពាននេះដែរ ត្រូវប្រើរយៈពេលសាងសង់ ចំនួន៤៨ ខែ  ដោយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨ ខាងមុខ៕អត្ថបទ៖ ហ្សាលីន