ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយដល់អ៊ុយក្រែន ក្នុងលក្ខខណ្ឌដែលរដ្ឋភិបាលទីក្រុងគៀវ នឹងត្រូវប្រគល់នូវធនធានរ៉ែកម្រដែលមានតម្លៃស្មើនឹង ៥០០ពាន់លានដុល្លារ មកឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន លោក ត្រាំ បាននិយាយថា ៖”អ៊ុយក្រែនមានសក្ដានុពលយ៉ាងខ្លាំងនៅក្នុងធនធានរ៉ែកម្រ ប្រេង និងឧស្ម័ន។ ខ្ញុំចង់ធានាឲ្យសហរដ្ឋអាមេរិកទទួលបាននូវផលប្រយោជន៍ត្រលប់មកវិញ ព្រោះយើងកំពុងចំណាយរាប់រយពាន់លានដុល្លារ ទៅលើការផ្តល់ជំនួសសម្រាប់ពួកគេ។ ពួកគេអាចនឹងធ្វើកិច្ចព្រមព្រៀង ឬពួកគេប្រហែលជាមិនអាច។ ប៉ុន្តែនៅថ្ងៃណាមួយ ពួកគេអាចផ្នែកមួយរបស់រុស្ស៊ីក៏មិនដឹង។ ប៉ុន្តែយើងបានផ្តល់ឲ្យពួកគេនូវប្រាក់យ៉ាងច្រើន ហើយខ្ញុំចង់បានវាមកវិញ”។
ប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមទៀតថា៖ “ខ្ញុំបានប្រាប់ពួកគេថា ខ្ញុំចង់ទទួលធនធានរ៉ែកម្រ ដែលស្មើនឹងទឹកប្រាក់ ៥០០ពាន់លានដុល្លារ។ ដូច្នេះយ៉ាងហោចណាស់យើងមិនមានអារម្មណ៍ថា យើងល្ងង់នោះទេ។ ខ្ញុំបានសង្កត់ធ្ងន់ចំពោះពួកគេថា យើងត្រូវតែទទួលបានអ្វីមួយជាថ្នូរនឹងការផ្តល់ជំនួយនេះ”។
គួរឲ្យដឹងថា ធនធានកម្រ គឺជាសារធាតុរ៉ែដ៏សំខាន់ក្នុងការផលិតឧបករណ៍បច្ចេកវិទ្យាកម្រិតខ្ពស់ ដូចជាស្មាតហ្វូន និងអាគុយរថយន្តអគ្គិសនីជាដើម។ សហរដ្ឋអាមេរិកមានអណ្តូងរ៉ែកម្រដែលមានសមត្ថភាពតូចខ្លាំងណាស់ បើទោះជាក្រុមហ៊ុនមួយចំនួនកំពុងព្យាយាមអភិវឌ្ឍគម្រោងជីកយករ៉ែក្នុងប្រទេសនេះក៏ដោយ។
រម្លឹកផងដែរថា សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយដ៏ធំបំផុតដល់អ៊ុយក្រែន ចាប់តាំងពីជម្លោះជាមួយរុស្ស៊ីបានផ្ទុះឡើង ដោយបានផ្តល់ជំនួយជាទឹកប្រាក់ប្រហែល ១៧៥ពាន់លានដុល្លាររួចមកហើយ។
ជម្រាបជូនថា លោក ត្រាំ បានលើកឡើងម្តងហើយម្តងទៀតអំពីធនធានរ៉ែដ៏កម្ររបស់អ៊ុយក្រែន ស្របពេលប្រធានាធិបតី លោក Zelenskyy កាលពីដើមខែនេះ បានអំពាវនាវឲ្យក្រុមហ៊ុនអាមេរិក វិនិយោគលើប្រភពរ៉ែដ៏កម្ររបស់អ៊ុយក្រែន ដោយហៅពួកគេថា ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់។
ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក Zelensky បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកនឹងមិនលះបង់ធនធានរ៉ែកម្ររបស់ខ្លួននោះទេ ប៉ុន្តែបានស្នើឲ្យមានភាពជាដៃគូដែលអាចបម្រើផលប្រយោជន៍គ្នាទៅវិញទៅមក៕